កីឡា

សហព័ន្វកីឡារាំ កម្ពុជាត្រៀមអញ្ជើញអ្នកជំនាញរាំ លំដាប់ខ្ពស់របស់សហព័ន្ធកីឡា រាំពិភពលោកមកជួយ ហ្វឹកហាត់ដល់ ក្រុមអត្តពលិក

ភ្នំពេញ៖សហព័ន្វកីឡារាំកម្ពុជាត្រៀមនឹងអញ្ជើញអ្នកជំនាញរាំលំដាប់ខ្ពស់របស់សហព័ន្ធកីឡារាំពិភពលោករស់នៅប្រទេសអូស្រ្តាលីដើម្បីជួយហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីរាំកម្ពុជាមុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែឧសភា ឆ្នាំ២0២២ ខាងមុខនេះ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការនៃសហព័ន្វកីឡារាំកម្ពុជាបានមានប្រសាសន៍ថា សហព័ន្វកីឡារាំកម្ពុជាមិនបានបញ្ជូនកីឡាករ-កីឡាការិនីរាំទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេសឡើយ ប៉ុនសហព័ន្ធស្នើសុំគ្រូបង្វឹករាំអ្នកជំនាញរាំលំដាប់ខ្ពស់មកពីសហព័ន្ធកីឡារាំពិភពលោករស់នៅប្រទេសអូស្រ្តាលី លោកស្រីកំពុងធ្វើការលិខិតស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការប្រកួត SEA GAMESកម្ពុជា “CAMSOC”។ អ្នកជំនាញមកជួយកីឡារាំកម្ពុជារយៈពេល៣0ថ្ងៃ “មួយខែ”មុនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាខែឧសភា ។

លោកស្រីបន្តថា សព្វថ្ងៃនេះក្រោមការដឹកនាំរបស់ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ញ៉ែម មរកត បានជំរុញសហព័ន្ធឲ្យមានទំនាក់ទំនងជាមួយសហព័ន្ធកីឡារាំអន្តរជាតិ ទើបសហព័ន្ធស្នើសុំសហព័ន្ធរាំពិភពលោកមកជួយកីឡារាំកម្ពុជា។ ចំណែកកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិធ្វើការហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយកីឡាករ-កីឡាការិនីថ្នាល់ហ្វឹកហាត់នៅទីស្នាក់ការរបស់របស់ប្រធានសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ញ៉ែម មរកត។

លោកស្រី អគ្គលេខាធិការបានបន្ថែមទៀតថា សហព័ន្ធត្រៀមកីឡាករ-កីឡាការិនី ៨ នាក់សម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 ក្នុងនោះកីឡាករ៤នាក់ និងកីឡាការិនី៤នាក់ នេះគ្រាន់តែជាការត្រៀមតែប៉ុណ្ណោះ សហព័ន្ធរងចាំការសម្រេចម្តងទៀតរបស់ថ្នាក់ដឹកនាំ៕ដោយ៖លី ភីលីព

Most Popular

To Top