កីឡា

នាយបេសកកម្ម SEA GAMES កម្ពុជា ទៅចូលរួមប្រជុំ ជាមួយនាយបេសកកម្មអាស៊ាន

ភ្នំពេញ ៖ នាយបេសកកម្ម SEA GAMES កម្ពុជា លោក វ៉ាត់ ចំរើន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និង ជាអគ្គលេខាធិការង CAMSOC ព្រមទាំងប្រធាន គណៈកម្មការជំនាញមួយចំនួន នៃ CAMSOC និងមន្ត្រីអមដំណើរមួយចំនួនទៀត បានដឹកនាំប្រតិភូ SEA GAMES របស់កម្ពុជា ទៅចូលរួមប្រជុំជាមួយបណ្ដា នាយបេសកកម្មស៊ីហ្គេម នៃបណ្ដាប្រទេសអាស៊ាន នៅទីក្រុងហាណូយប្រទេសវៀតណាម ដើម្បីត្រៀម SEA GAMES លើកទី៣១ នាខែឧសភាខាងមុខនេះ ។

គណៈប្រតិភូចេញទៅពេលនេះ ដើម្បីពិនិត្យមើល និងរៀបចំទុកជាមុន នូវកន្លែងហូប ចុកស្នាក់នៅ ការដឹកជញ្ជូនកីឡាករ កីឡាការិនីរួមជាមួយប្រតិភូ ការធ្វើបដិសណ្ឋារកិច្ច របៀប របបដឹកនាំរបស់ម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាការបង្ហាញ នូវទីលានប្រកួតចុងក្រោយជាដើម ។ ការប្រកួត SEA GAMES លើកទី៣១នេះ កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី ទៅចូលរួមក្នុងទ្រងទ្រាយធំ រហូតដល់ទៅជាង ៥០០នាក់ ឯណោះ ។

ចំណែកប្រតិភូមួយក្រុមទៀត គឺជាប្រតិភូជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិ រៀបចំ SEA GAMES ឆ្នាំ២០២៣ (CAMSOC ) ដឹកនាំផ្ទាល់ ដោយសម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយ លោកបណ្ឌិត ថោង ខុន ដើម្បីចូលរួមទទួលទង់ SEA GAMES ពីម្ចាស់ផ្ទះវៀតណាម បន្តវេនឆ្ពោះមកកាន់ SEA GAMES ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃពិធីបិទការប្រកួត ស៊ីហ្គេមជាផ្លូវការ នៃស៊ីហ្គេមវៀតណាម ។ នៅក្នុងពិធីបិទនេះ ក៏មានការសម្តែង ពីក្រុមសិល្បៈវប្បធម៌កម្ពុជា ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងអត្តពលិកអាស៊ី អាគ្នេយ៍ ឆ្ពោះមក SEA GAMES ឆ្នាំ២០២៣របស់កម្ពុជា ។
ដូច្នេះបេសកកម្មនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមកិច្ច ប្រជុំផង និងធ្វើការសង្កេតពិនិត្យ ដកស្រង់បទពិសោធន៍ នៃរបៀបគ្រប់គ្រង ដឹកនាំព្រឹត្តិការណ៍ SEA GAMES នេះ មកច្នៃប្រឌិតបន្ថែម និងអនុវត្តនៅ SEA GAMES ឆ្នាំ២០២៣ របស់យើងឲ្យទទួលបានជោគជ័យ ។

លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣ផងនោះ បានចាត់ទុកថានេះជា បេសកកម្មដ៏សំខាន់មួយ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាលោកថោង ខុនបាន ដាក់ទិសដៅ ឲ្យក្រុមនាយ បេសកកម្មនេះធ្វើជាក្រុមពិសេសមួយ ដែលអាចរៀបចំល្អក្នុងការ ដកយកបទពិសោធន៍ពី SEA GAMES នៅវៀតណាមមកធ្វើជាគំរូ ដើម្បីកែឆ្នៃរៀបចំ SEA GAMES នៅកម្ពុជាឆ្នាំ២០២៣នៅកម្ពុជាឲ្យបានល្អ ។

លោក វ៉ាត់ ចំរើន បានថ្លែងថា កិច្ចប្រជុំលើកនេះក៏ផ្ដោតជាសំខាន់ លើបញ្ជីឈ្មោះចុងក្រោយរបស់ប្រតិភូកីឡាករ កីឡាការិនីកម្ពុជាជាង៥០០នាក់ ដើម្បីប្រគល់ឲ្យគណៈកម្មការ SEA GAMES វៀតណាមទៀតផង ។ កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយ រវាង CAMSOC ជាមួយគណៈកម្មការ SEA GAMES វៀតណាមដើម្បីសហប្រតិបត្តិការ រវាងគណៈកម្មកាស៊ីហ្គេមវៀតណា មនិងកម្ពុជាថា តើវៀតណាម អាចជួយលើផ្នែកអ្វីខ្លះ ដូចជាការបណ្ដុះបណ្ដាល ពីបច្ចេកវិទ្យាការប្រកួត និងបទពិសោធន៍អ្វីខ្លះដល់កម្ពុជា ។

លោក បន្ថែមថា កម្ពុជា ដែលត្រៀមបញ្ជូន អត្តពលិកចំនួនជាង៥០០នាក់ លើ៣៣ ប្រភេទកីឡាទៅចូលរួមនេះ មិនទាន់ពិតប្រាកដនៅឡើយទេ គឺអាចនៅមានដកខ្លះចេញ បន្ទាប់ពីពិនិត្យលើគុណផល របស់អត្តពលិក តើថយក្រោយ ឬនៅទ្រឹងមិនរីកចម្រើននោះ ៕

Most Popular

To Top