កីឡា

នាយបេសកកម្ម SEA GAMES កម្ពុជាទៅចូលរួមប្រជុំ ជាមួយនាយបេសកកម្មអាស៊ាន

ភ្នំពេញ៖ នាយបេសកកម្ម SEA GAMES កម្ពុជា លោក វ៉ាត់ ចំរើន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអគ្គលេខាធិការង CAMSOC ព្រមទាំងប្រធានគណៈកម្មការ ជំនាញមួយចំនួននៃ CAMSOC និងមន្ត្រីអមដំណើរមួយចំនួនទៀត បានដឹកនាំប្រតិភូ SEA GAMES របស់កម្ពុជាទៅចូលរួមប្រជុំជាមួយ បណ្ដានាយបេសកកម្មស៊ីហ្គេមនៃ បណ្ដាប្រទេសអាស៊ាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីត្រៀម SEA GAMES លើកទី៣១ នាខែឧសភាខាងមុខនេះ ។

គណៈប្រតិភូចេញទៅពេលនេះ ដើម្បីពិនិត្យមើល និងរៀបចំទុកជាមុននូវកន្លែងហូប ចុកស្នាក់នៅ ការដឹកជញ្ជូនកីឡាករ កីឡាការិនីរួមជាមួយប្រតិភូ ការធ្វើបដិសណ្ឋារកិច្ច របៀប របបដឹកនាំរបស់ម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាការបង្ហាញនូវទីលាន ប្រកួតចុងក្រោយជាដើម។ ការប្រកួត SEA GAMES លើកទី៣១នេះ កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមក្នុងទ្រងទ្រាយធំ រហូតដល់ទៅជាង ៥០០នាក់ឯណោះ។

ចំណែកប្រតិភូមួយក្រុមទៀត គឺជាប្រតិភូជាន់ខ្ពស់របស់ គណៈកម្មាធិការជាតិ រៀបចំ SEA GAMES ឆ្នាំ២០២៣ (CAMSOC) ដឹកនាំផ្ទាល់ដោយសម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយលោកបណ្ឌិត ថោង ខុន ដើម្បីចូលរួមទទួលទង់ SEA GAMES ពីម្ចាស់ផ្ទះវៀតណាម បន្តវេនឆ្ពោះមកកាន់ SEA GAMES ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃពិធីបិទការប្រកួតស៊ីហ្គេមជាផ្លូវការ នៃស៊ីហ្គេមវៀតណាម។ នៅក្នុងពិធីបិទនេះ ក៏មានការសម្តែងពីក្រុមសិល្បៈវប្បធម៌កម្ពុជា ដើម្បីទទួលស្វាគមន៍ភ្ញៀវ និងអត្តពលិកអាស៊ីអាគ្នេយ៍ ឆ្ពោះមក SEA GAMES ឆ្នាំ២០២៣របស់កម្ពុជា។

ដូច្នេះបេសកកម្មនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីចូលរួមកិច្ចប្រជុំផង និងធ្វើការសង្កេតពិនិត្យដកស្រង់ បទពិសោធន៍នៃរបៀបគ្រប់គ្រង ដឹកនាំព្រឹត្តិការណ៍ SEA GAMES នេះ មកច្នៃប្រឌិតបន្ថែម និងអនុវត្តនៅ SEA GAMES ឆ្នាំ២០២៣ របស់យើងឲ្យទទួលបានជោគជ័យ។

លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣ ផងនោះបានចាត់ទុកថានេះជា បេសកកម្មដ៏សំខាន់មួយ ដែលសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាលោក ថោង ខុន បាន ដាក់ទឹសដៅឲ្យក្រុមនាយបេសកកម្មនេះ ធ្វើជាក្រុមពិសេសមួយដែលអាចរៀបចំល្អ ក្នុងការដកយកបទពិសោធន៍ពី SEA GAMES នៅវៀតណាមមកធ្វើជាគំរូដើម្បីកែឆ្នៃរៀបចំ SEA GAMES ឆ្នាំ២០២៣ នៅកម្ពុជាឲ្យបានល្អ ។

លោក វ៉ាត់ ចំរើន បានថ្លែងថា កិច្ចប្រជុំលើកនេះក៏ផ្ដោតជាសំខាន់ លើបញ្ជីឈ្មោះចុងក្រោយ របស់ប្រតិភូកីឡាករ កីឡាការិនីកម្ពុជាជាង ៥០០នាក់ ដើម្បីប្រគល់ឲ្យគណៈកម្មការ SEA GAMES វៀតណាមទៀតផង។ កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះក៏នឹងមាន កិច្ចប្រជុំពិសេសមួយរវាង CAMSOC ជាមួយគណៈកម្មការ SEA GAMES វៀតណាមដើម្បីសហប្រតិបត្តការ រវាងគណៈកម្មកាស៊ីហ្គេមវៀតណា មនិងកម្ពុជាថាតើវៀតណាមអាច ជួយលើផ្នែកអ្វីខ្លះដូចជាការបណ្ដុះបណ្ដាល ពីបច្ចេកវិទ្យាការប្រកួត និងបទពិសោធន៍អ្វីខ្លះដល់កម្ពុជា ។

លោកបន្ថែមថា កម្ពុជាដែលត្រៀមបញ្ជូន អត្តពលិកចំនួនជាង ៥០០នាក់ លើ៣៣ប្រភេទកីឡា ទៅចូលរួមនេះមិនទាន់ពិតប្រាកដ នៅឡើយទេគឺអាចនៅមានដកខ្លះចេញ បន្ទាប់ពីពិនិត្យលើគុណផល របស់អត្តពលិកតើថយក្រោយ ឬនៅទ្រឹងមិនរីកចម្រើននោះ ៕

Most Popular

To Top