ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា អង្គការផ្កាយសមុទ្រកម្ពុជា នឹងស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន៤៥ក្រុម ដែលមានចំនួន ៥៤០នាក់ មកកាន់ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ចូលរួមប្រកួតប្រជែងនៃ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារា Ian Thompson Memorial ប្រចាំឆ្នាំរបស់អង្គការផ្កាយសមុទ្រកម្ពុជា ស្ថិតនៅក្នុងភូមិព្រះធាតុសង្កាត់រលួស។

លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានមានប្រសាសន៍ថា នេះជាឆ្នាំទី៨ហើយ ដែលអង្គការទទួលពានរង្វាន់អន្តរជាតិមួយនេះ បានសហការជាមួយនឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មុះមុតម្នាក់ និងគាំទ្រចំពោះបេសកកម្ម របស់អង្គការផ្កាយសមុទ្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈ លទ្ធភាពស្មើៗគ្នា ក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព និងកីឡា ។ ដើម្បីរក្សាឲ្យបាននូវកេរ្តិ៍ ដំណែលរបស់ឪពុក លោក Alistair ជាកូនប្រុស បានបន្តផ្តល់ការឧបត្ថម្ភគាំទ្រ ក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោក បានទទួលមរណភាព ។
លោកបន្តថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់ របស់អង្គការផ្កាយសមុទ្រកម្ពុជា បានធ្វើការ ជាមួយនឹងកុមារ និងយុវជន ដែលរងផលប៉ះពាល់ពីភាពក្រីក្រ ការរើសអើងយេនឌ័រ និងពិការភាពជា ដើម ។ កម្មវិធីមួយនេះបានលើកទឹកចិត្ត ដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អ សម្រាប់សុខភាព និង អភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈការរៀនសូត្រ ពីកម្មវិធីសិក្សាបាល់ទាត់ សម្រាប់ការផ្លាស់ប្រែសង្គម និងការប្រកួតដោយភាពយុត្ថិធម៌ ។ ដោយសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការក្រៅ រដ្ឋាភិបាលនានា នៅទូទាំងប្រទេស អង្គការផ្កាយសមុទ្រកម្ពុជា បានជួយឲ្យសហគមន៍ចេះរួបរួមគ្នា តាមរយៈការលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងការធ្វើការងារជាក្រុម កសាងស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះ នៅរាជធានីភ្នំពេញ ។
លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួល កម្មវិធីបាល់ទាត់ បានពន្យល់ពីដំណើរការ នៃព្រឹត្តិការណ៍ប្រកួតនេះថា “ពួកយើងបានអញ្ជើញ ក្រុមបាល់ទាត់ជាច្រើន មកពីអង្គការ និងសាលារៀនដៃគូឲ្យមក ចូលរួមព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial នេះ ។ ក្រុមនៅរាជធានីភ្នំពេញ ទទួលបានការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សា កីឡាពីគ្រូបង្វឹករបស់អង្គការ ហើយពួក យើងក៏កំពុងតែធ្វើការជាមួយនឹងក្រុម នៅតាមខេត្តផ្សេងៗកាន់តែច្រើន តាមដែលអាចធ្វើទៅបានផង ដែរ ។”
ការប្រកួតឆ្នាំនេះ មានក្រុមបាល់ទាត់ចំនួន ៤៥ក្រុម មកពីខេត្តចំនួន៨ ដោយបែងចែកទៅតាម ប្រភេទអាយុដូចជា ក្រុមកុមារាអាយុក្រោម១០ឆ្នាំ ចំនួន ១៣ ក្រុម អាយុក្រោម១៤ឆ្នាំ ចំនួន ២២ ក្រុម និងអាយុក្រោម១៦ឆ្នាំ ចំនួន ១O ក្រុមជាដើម ។ ក្រុមទាំងនេះ នឹងប្រកួតចំនួន៥លើក ដើម្បីសន្សំពិន្ទុ ទៅប្រកួតនៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ហើយក្រុម ឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងចូលរួមប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ ៕ ដោយ៖លី ភីលីព





