កីឡា

ស្ថានីយ៍ទូរទស្សន៍ CNC ប្រកាសបើកការប្រកួតប្រដាល់គុនខ្មែរ “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯករដូវកាលទី២” ជាផ្លូវការ

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ CNC បានសហការជាមួយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាថ្ងៃ២៦ ខែមីនា ឆ្នាំ២០២២បានប្រកាសជាផ្លូវការនូវកម្មវិធី ប្រដាល់គុនខ្មែរដ៏លេចធ្លោ ដែលមារហ័យសនាមថា “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯករដូវកាលទី២” នៅស្ថានីយ៍ទូរទស្សន៍ CNC ដោយមានកីឡាករជើងខ្លំាងគុនខ្មែរ ៨នាក់ ប្រជែងយកទឹកប្រាក់ ៥ពាន់ដុល្លារ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់។

ក្នុងឳកាស“អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក រដូវកាលទី២” នៅស្ថានីយ៍ទូរទស្សន៍CNCដោយមានការអញ្ជើញចូលរួម លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក បូ ពិសិដ្ឋ ប្រធានផ្នែកលក់របស់ ស៊ីប៊ីអេស និងលោក មាន សំអុល អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនភេសជ្ជៈ គោជល់។

លោក មាន សំអុលបាននិយាយថា  អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២រួមចំណែកក្នុងកម្មវិធី គួរជាទីចងចាំរបស់យើងដើម្បីរួមគ្នាសាងប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត សម្រាប់គុនខ្មែរ។ ដោយទទួលបានការគាំទ្រ ដ៏ខ្លាំងសម្បើម ចំពោះកម្មវិធីប្រដាល់អ្នកតស៊ូគុនខ្មែរ គោជល់កំពូលជើងឯក នារដូវកាលទី១កន្លងមក ក្រុមហ៊ុនក៏សម្រេចបង្កើត នូវកម្មវិធីប្រដាល់នេះ សម្រាប់រដូវកាលទី២ជាបន្តទៀត ដើម្បីផ្តល់ជូនទស្សនិកជន និងអ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរទាំងអស់ នូវការប្រកួតដ៏ស្វិតស្វាញ និងកក្រើកប្រចាំសប្តាហ៍ដែលនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៨និង៣០នាទីយប់។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា យុទ្ធនាការប្រដាល់នេះ កីឡាករទម្ងន់ ៦៣,៥គីឡូក្រាម ល្អបំផុតចំនួន ៨រូបនឹងត្រូវជ្រើសរើស និងបែងចែកជាពីរពូល ដើម្បីប្រកួតដណ្តើមជើងឯក ក្នុងពូលនីមួយៗ បន្ទាប់មកជើងឯក មកពីពូលទាំងពីរ នឹងត្រូវធ្វើការប្រកួតជាមួយគ្នា ដើម្បីកំណត់ថាតើនរណា គឺជាជើងឯកពិតប្រាកដ នៃពូលទាំង២  កីឡាករប្រដាល់ ៤រូបចុងក្រោយ មកពីពូលទាំងពីរនឹងទទួលបានរង្វាន់ តាមលំដាប់រួមមាន៖ ខ្សែក្រវាត់ ពានមួយគ្រឿង ទឹកប្រាក់ ៥.០០០ដុល្លារ ពានរង្វាន់មួយគ្រឿង ទឹកប្រាក់ ២.០០០ ដុល្លារ ពានរង្វាន់មួយគ្រឿង ទឹកប្រាក់ ១.៥០០ដុល្លារ និងពានរង្វាន់មួយគ្រឿង ទឹកប្រាក់ ១.០០០ដុល្លារ

បើទោះបីជាកីឡាករជើងឯក នៃពូលទាំង២ ត្រូវបានរកឃើញក៏ដោយ ប៉ុន្តែបេសកម្មក្នុងយុទ្ធនាការស្វែងរក កំពូលជើងឯក មិនទាន់ចប់នៅឡើយទេ។  កីឡាករជើងខ្លាំង ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម យ៉េន ឌីណា បានរង់ចាំ ជាស្រេចដើម្បីប្រកួតជាមួយកីឡាករជើងឯកដែលកម្មវិធីទើបរកឃើញ។ 

រវាងពួកគេទាំង២ កីឡាករជ័យលាភីនឹងក្លាយជា កំពូលជើងឯក សម្រាប់រដូវកាលទី២ ហើយនឹងទទួលបានខ្សែក្រវាត់ ពានរង្វាន់មួយគ្រឿង រួមជាមួយទឹកប្រាក់ ៥.០០០ដុល្លារ ខណៈកីឡាករជើងឯក ដែលមិនទទួលជ័យលាភី ក្នុងការប្រកួតនេះ នឹងទទួលបានពានរង្វាន់មួយគ្រឿង រួមជាមួយទឹកប្រាក់ ២.០០០ដុល្លារ៕ ដោយ៖លី ភីលីព

Most Popular

To Top