ខេត្តកណ្តាល ៖ លោក តាំង ម៉េងលាន អភិបាលរង ខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា ២០២១-២០២២ ដោយបានបញ្ចប់ ដោយជោគជ័យ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២នេះ នៅកីឡដ្ឋានក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានអនុប្រធានមន្ទីរជុំវិញ ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

លោក តាំង ម៉េងលាន បានមានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡានេះ ដោយទទួលបានជោគជ័យដ៏ល្អប្រសើរ គួរឲ្យមានមោទនភាពក្រៃលែង លោកបានវាយតម្លៃខ្ពស់ ចំពោះប្រតិភូកីឡាទាំងអស់ ដែលបានចូលរួម ក្នុងការ ប្រកួតនេះរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេស នៃការប្រកួតកីឡាបានល្អត្រឹមត្រូវ និងមានស្មារតី ស្រឡាញ់កីឡាពិតប្រាកដ ដើម្បីទទួលលទ្ធផលបច្ចេកទេស ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ ជារឿងសំខាន់នោះឡើយ ។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែង តាំងពីថ្ងៃដំបូងរហូតមក ដល់ថ្ងៃបញ្ចប់នេះ ដោយយកអស់កម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ស្តែង ចេញនូវការទទួលខុសត្រូវខ្ពស់ ប្រកបដោយស្មារតីយុត្តិធម៌ អនុវត្តបានល្អប្រសើរ តាមនិយាមបច្ចេកទេស របស់គណៈកម្មការរៀបចំការប្រកួត និង ជំរុញឲ្យការប្រកួតទាំងមូលមានដំណើរការល្អ និងទទួលបានជោគជ័យ ។

កីឡាបាល់ទាត់ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យហ៊ុន សែន អង្គស្នួល ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យហ៊ុន សែនស្អាង ចំណាត់ថ្នាក់លេខ៣ បានទៅលើវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង ។ ផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើវិទ្យាល័យហ៊ុន សែនសេរីភាព ចំណាត់ថ្នាក់លេខ២ បានទៅលើវិទ្យាល័យទេពប្រណម្យ និងចំណាត់ថ្នាក់លេខ៣បានទៅលើវិទ្យាល័យហ៊ុន សែន សិរីដីដុះ ស្រុកកៀនស្វាយ៕
