ខ្សែប្រយុទ្ធ Mason Greenwood នៅតែជាប់បម្រាម ដោយក្រុម Manchester United ត្បិតអ្នកគាំទ្រ បានប្រទះឃើញប្រវត្តិរូប របស់គេនៅតែស្ថិតក្នុងបញ្ជីកីឡាករលើវិបសាយរបស់ក្លឹប ។
កីឡាករវ័យ២០ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយប៉ូលិសអង់គ្លេស លើករណីរំលោភលើសិស្សសាលាអាយុ១៨ឆ្នាំ និងគំរាមសម្លាប់ ។ កីឡាកររបស់ United និងជម្រើសជាតិអង់គ្លេស ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំកាលពីខែមុន មុនពេលក្រុមហ៊ុន Nike បញ្ចប់កុងត្រាជាមួយគេ ។ Greenwood ក៏ត្រូវបានលុបចេញពីវីដេអូហ្គេមមួយចំនួនដូចជា FIFA 22 និង Manager 2022 ក៏ដូចជា App របស់ក្រុម Man Utd ។
យ៉ាងណាក្ដី កាលពីពាក់កណ្ដាលសប្ដាហ៍នេះ អ្នកគាំទ្រ បានប្រទះឃើញ រូប Greenwood នៅតែស្ថិតក្នុងបញ្ជីកីឡាករឈុតធំ លើវិបសាយរបស់ក្លឹប ទើបធ្វើឲ្យមានចម្ងល់លើករណីរបស់គេ ។ តែបើតាមការបញ្ជាក់ រូបនិងប្រវត្តិរូបរបស់ Greenwood បន្តមានលើវិបសាយ របស់ក្លឹបចាប់តាំងពីថ្ងៃចាប់ខ្លួនមកម្ល៉េះ។ ស្ថានភាពរបស់គេគ្មានការផ្លាស់ប្ដូរទេ ពោល United នៅតែដាក់បម្រាមមិនឲ្យគេលេងដដែល ។
ត្បិតជាប់បម្រាម Greenwood នៅតែជាកីឡាកររបស់បិសាចក្រហម គ្រាន់តែមិនទាន់អាចលេងបាន រហូតមានការមានការ ជូនសេចក្ដីបន្ថែម។ សម្រាប់ប្រាក់ឈ្នួល United ក៏នៅតែបន្តបង់ឲ្យ Greenwood ៧៥ម៉ឺនផោន ក្នុងមួយសប្ដាហ៍ធម្មតា ទោះមិនបានលេងដ៏ដោយ ៕