កីឡា

តេក្វាន់ដូ WT យូដូ ប្រដាល់សកល និងគុនដាវទៅហ្វឹកហាត់ នៅកូរ៉េខាងត្បូង រយៈពេល៣០ថ្ងៃ ត្រៀម SEA GAMES 2០21 នៅវៀតណាមនាថ្ងៃទី៩

ភ្នំពេញ ៖ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កីឡាយូដូ កីឡា ប្រដាល់សកល និងគុនដាវ នឹងចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋកូរ៉េខាងត្បូង មានរយៈពេល៣០ ថ្ងៃលើប្រភេទទម្ងន់មានសក្តានុពល សម្រាប់ការដណ្តើមមេដាយ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០21 ប្រប្រឹត្តិទៅនាឧសភា ។

ក្នុងឳកាស ជូនដំណើរ ក្រុមកីឡាករ-កីឡាការិនីទំាង៤ ប្រភេទនេះដោយមានការអញ្ជើញ ពីសំណក់ថ្នាក់ដឹកនាំកីឡា លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ នៃខេមរាសហព័ន្ធតេក្វាន់ដូ WT និងអគ្គលេខាធិការនៃសហព័ន្ធកីឡា៣ទៀត នៅព្រលានយន្តហោះភ្នំពេញ អន្តរជាតិ “ពោធិ៍ចិនរតុង” ។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ នៃខេមរាសហព័ន្ធតេក្វាន់ដូ WTបានមានប្រសាសន៍ឲ្យដឹងថា ក្រុមកីឡាករមួយក្រុម ចេញទៅហ្វឹកហាត់ នៅសាធារណរដ្ឋកូរ៉េខាងត្បូងកាលថ្ងៃទី៤ត្រៀមលើវិញ្ញាសាមេគុន ៤នាក់ ហ្វឹកហាត់ពង្រឹកសមត្ថភាពបន្ថែម ដើម្បីចូលរួមកម្រិតពិភពលោក “World Taekwondo Poomsae Championships 2O22” នៅGoyang នៅសាធារណរដ្ឋកូរ៉េខាងត្បូងចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំដដែល។
លោកបណ្ឌិតបន្តថា ការចេញហ្វឹកហាត់ លើកនេះត្រៀមការប្រកួតកីឡា SEA GAMES 2O21 នៅវៀតណាម កាន់តែជិត មកដល់ហើយ ដូច្នេះខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើប្រភេទទម្ងន់មានសក្តានុពលមាន ចំណែក ៥ វិញ្ញាសាដែលសង្ឈឹមបានមេដាយ SEA GAMES រួមមានវិញ្ញាសាប្រយុទ្ធបុរសប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៨៧ គីឡូក្រាម វិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦២ គីឡូក្រាម និងវិញ្ញាសាមេគុនឯកត្តជនបុរស។ ដោយការហ្វឹកហាត់នេះប្រព្រឹត្តនៅសាកលវិទ្យាល័យ Shinsung ខេត្ត Chungcheongnam-do ។

លោកអគ្គលេខាធិការបានបន្ថែមទៀតថា យើងបញ្ជូន កីឡាករ-កីឡាការិនីតេក្វាន់ដូ WTទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2O21 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានត្រៀមចំនួន១៣ វិញ្ញាសាដែលម្ចាស់ផ្ទះកំណត់ ។ ការប្រកួត SEA GAMES 2O21ដាក់វិញ្ញាសា ១៩ វិញ្ញាសា ប៉ុន្តែចូលរួមច្រើនបំផុតបាន១៣ វិញ្ញាសាប៉ុណ្ណោះក្នុងមួយប្រទេស លើកលែងម្ចាស់ផ្ទះមានសិទ្ធដាក់១៩ វិញ្ញាសាពេញតែម្តង៕

Most Popular

To Top