កីឡា

កម្ពុជាបំបែកឯតទគ្គកម្ម SEA GAMES 2023 បន្ទាប់ពីដាក់កីឡា ៤០ ប្រភេទចូលរួមប្រកួត

គូឡាឡាំពួរ៖យោងតាមការចេញផ្សាយពីគេហទំព័រម៉ាឡេស៊ី The vibes បានប្រាប់ឲ្យដឹងថា ប្រទេសកម្ពុជាគ្រោងនឹងបង្កើតប្រវត្តិសាស្ត្រថ្មីនៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ការប្រកួត SEA GAMES 2023 ជាលើកដំបូងនៅឆ្នាំក្រោយ ខណៈប្រទេសនេះនឹងដាក់កីឡាចំនួន៤០ប្រភេទ រួមទាំងគុនល្បុក្កតោដូនតាខ្មែរផងដែរ។

សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ បាននិយាយថា នេះនឹងក្លាយជាចំនួនកីឡាច្រើនជាងគេបំផុតដែលត្រូវបាន បង្ហាញដោយប្រទេសម្ចាស់ផ្ទះ ការប្រកួតកីឡារយៈពេល២ឆ្នាំជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧៧។ កម្ពុជានៅតែអាចឃើញមានការកើនឡើងនៃចំនួនកីឡាត្រូវចូលរួមប្រកួត ប្រសិនបើសំណើសម្រាប់កីឡាផ្សេងទៀត រួមទាំងកីឡាក្បាច់គុនប៉េណាក់ស៊ីឡាតរបស់ម៉ាឡេស៊ី ត្រូវបានទទួលយកនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា SEAGF រំពឹងថានឹងធ្វើឡើងកាលខែមិថុនា។

ដូចជាធម្មតា កីឡាមានឥទ្ធិពលចំនួន២គឺអត្តពលកម្ម និងកីឡាហែលទឹក នាំមុខក្នុងបញ្ជីបញ្ជាក់សម្រាប់ Cambodia 2023 ដែលជាការប្រកួតកីឡាលើកទី៣២។ កីឡា Water polo ត្រូវបានគេដកពីវិញ្ញាសាកីឡាទឹកក្នុងការប្រកួតកីឡា SEA GAMES នៅទីក្រុងហាណូយនាប្រទេសវៀតណាម នៅខែក្រោយនឹងត្រឡប់មកវិញនៅទីក្រុងភ្នំពេញ។

កីឡាសរុបចំនួន ២៨ ត្រូវបានបញ្ជាក់នៅក្រោមប្រភេទទី២រួមបញ្ចូលគ្នានៃកីឡាអូឡាំពិក អាស៊ីដ ក៏ដូចជាកីឡាប្រពៃណី។ ក្រោមប្រភេទទី ៣ កីឡាអេឡិចត្រូនិក និង jetski ដ៏ពេញនិយម និងកំពុងរីកចម្រើនខ្លាំងត្រូវបានទទួលការចាប់អារម្មណ៍ដូចគុនល្បុក្កតោ ខណៈសិល្បៈក្បាច់គុន របស់ប្រទេសកូរ៉េក៏នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡានេះ។
កីឡាជាច្រើនរួមមានកីឡាគ្រីឃិត ជិះសេះ ក្បាច់គុនប៉េណាក់ស៊ីឡាតរបស់ម៉ាឡេស៊ី និងរត់ឆ្លងឧបសគ្គ មិនត្រូវបានបញ្ចូលទេ ហើយនឹងត្រូវរង់ចាំការជួបគ្នាលើកក្រោយដើម្បីដឹងពី ជោគវាសនារបស់ពួកគេ។ សម្រាប់កំណត់ត្រានេះ ប្រ៊ុយណេ វៀតណាម និងឡាវ រួមបញ្ចូលកីឡា ២១ ៣២ និង ២៩ រៀងៗខ្លួន នៅពេលពួកគេបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាម្ចាស់ផ្ទះ SEA GAMES។

បញ្ជីកីឡាដែលត្រូវបង្ហាញនៅ SEA GAMES ឆ្នាំ២០២៣៖
ប្រភេទទី១៖ អត្តពលកម្ម (ផ្លូវ និងវាល ម៉ារ៉ាតុង) និងហែលទឹក (ហែលទឹក មុជទឹក ប៉ូឡូទឹក) ប្រភេទទី២៖ វាយសី បាល់បោះ (5×5 និង 3×3) ប្រដាល់ ប៊ីយ៉ា ជិះកង់ (ប្រណាំងផ្លូវ និង MTB) ទូកកាណូ និងទូកចែវ (រួមទាំងការប្រណាំងទូកប្រពៃណី) អុក (អូក ចកទ្រុង, អាស៊ាន និង សៀងស៊ី) កីឡារាំ គុនដាវ បាល់ទាត់ កីឡាវាយកូនហ្គោល កាយសម្ព័ន្ធ (កាយសម្ព័ន្ធ និងសិល្បៈ) ហុកគី (រួមទាំងក្នុងផ្ទះ) យូដូ ការ៉ាតេ គុន ប៉េតង់ ជិះទូកក្តោង សីប៉ាក់តាក្វាន់ (រួមទាំង ឈិនឡុង) កីឡាវាយកូនបាល់ទន់ “Soft Tennis” កីឡាវាយកូនបាល់ វាយកូនបាល់លើតុ តេក្វាន់ដូ ទ្រីយ៉ាត្លុង (រួមទាំងអាក្វាតឡុង និងឌូតឡុង) បាល់ទះ ចំបាប់ ការលើកទម្ងន់ វូស៊ូ។

ប្រភេទទី៣: Arnis កាយវប្បកម្ម កីឡាអេឡិចត្រូនិក Floorball Jiujitsu ម៉ូតូទឹក ប្រដាល់សកល គុនល្បុក្កតោ វ៉ូវីណាម និងក្បាច់គុនកូរ៉េ៕ដោយ៖លី ភីលីព

Most Popular

To Top