ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បង្ហាញនូវសមាសភាពប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការីនីហែលទឹក ជម្រើសកម្ពុជា ត្រូវចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GMAES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលចាប់ផ្ដើមពីថ្ងៃទី១៤ដល់១៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។
លោក លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និងប្រធានប្រតិភូបានប្រាប់ តាមសារអេឡិចត្រូនិចថា សហព័ន្ធនឹងបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការីនីចំនួន១៣នាក់ ក្នុងកីឡាករ៦នាក់ និងកីឡាការិនី៤នាក់។ ចំណែកប្រធាន គណៈប្រតិភូរូបលោក គ្រូបង្វឹក២នាក់ គ្រូបង្វឹក ចេង ពិរោទ និងគ្រូជំនួយ ឆោម ចន្ទថុន។
សម្រាប់សមាសភាព កីឡាករ-កីឡាការីនីទាំង១០រូប រួមមានកីឡាការិនី ឡូស៊ី តាន មីននិក កីឡាការិនី វ័ច ហ្សង់ឆាយ កីឡាការិនី សុខ វរល័ក្ខណ និងកីឡាការិនី ឃឺន ចន្ទចរិយា ហើយកីឡាករវិញ កីឡាករ ហែម ប៉ុច កីឡាករ ប៊ុនណា ពៅពេជ្ជរ៉ា កីឡាករ អ៊ួង លីហេង កីឡាករ ឌឿន រ៉ាត់ធីឌុន កីឡាករ ប៊ាន សុខហ៊ុយ និងកីឡាករ មនត្រស ផានសុវណ្ណអារុន៕ ដោយ៖លី ភីលីព


