ភ្នំពេញ៖ ហែម ថុនវិទិនី ដែលជាអតីតកីឡាការិនី ហែលទឹកលេខ១ របស់កម្ពុជា កំពុងតែត្រូវបានទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដានសង្គមហ្វេសប៊ុក ដោយសារតែសមត្ថភាព ដ៏ពូកែខាងផ្នែកហែលទឹក និង រួមផ្សំទាំងរូបរាង ដ៏ស្រស់ស្អាតរបស់នាង។

ជាការពិត កញ្ញា ហែម ថុនវិទិនី ត្បិតតែមិនមែន ជាអ្នកនៅក្នុងរង្វង់សិល្បៈ ប៉ុន្តែបើនិយាយពីសម្រស់របស់នាង មិនចាញ់តារាស្រីៗ ក្នុងប្រទេសប៉ុន្មានឡើយ ហើយមិនតែប៉ុណ្ណោះ ដោយសារតែអំណោយផល ទៅលើរាង កាយផងនោះ ជារឿយៗ នាងតែងតែចូលចិត្ត ស្លៀកពាក់សិចស៊ី ថតរូបបង្ហោះលើ បណ្ដាញសង្គម ធ្វើឱ្យបុរសៗធ្លាក់ក្នុងអន្លង់ ស្នេហ៍មិនតិចនាក់ឡើយ ។

ដោយសារតែរូបសម្បត្តិសមសួន រាងស្រឡូន និងមានចំណេះដឹងគ្រប់គ្រាន់នោះ មានអ្នកគាំទ្រជាច្រើន បានលើកទឹកស្រីស្រស់រូបនេះ ឱ្យដាក់ពាក្យប្រឡង ក្នុងកម្មវិធីប្រកួតសម្រស់ពិភពលោក បវរកញ្ញាចក្រវាល ឬ Miss Universe ។ ហើយជាមួយគ្នានេះដែរ ក៏មានទំព័រហ្វេសប៊ុ កមួយឈ្មោះ Miss New Generation បានប្រកាសក្រៅផ្លូវការ ដោយលើកឡើងថា «កញ្ញា ហែមថុន វិទិនី ជាអតីតកីឡាការិនី ហែលទឹកជម្រើសជាតិកម្ពុជា និងជាគ្រូបង្រៀនបង្ហាត់ហែលទឹក នឹងចូលចូលរួមប្រកួតនៅក្នុងកម្មវិធី បវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២» ។

យ៉ាងណាមិញ បើទោះជាការប្រកាសនេះ មិនមែនផ្លូវការណ៍ក៏ដោយ ប៉ុន្តែគេឃើញ កញ្ញា ហែម ថុនវិទិនី បានយកទំព័រហ្វេសប៊ុកផ្លូវការ របស់នាងចែករំលែកសារនេះ ដែលធ្វើឱ្យទស្សនិកជន សង្ស័យកាន់តែ ខ្លាំងថា ហែម ថុនវិទិនី អាចនឹងលេចមានវត្តមាន នៅលើឆាកកម្មវិធីលំដាប់ ថ្នាក់ពិភពលោក ប្រកួតបវរកញ្ញាចក្រវាលកម្ពុជា នៅពេលណាមួយជាក់ជាមិនខាន ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ហែម ថុនវិទីនី អតីតកីឡាការិនីជម្រើសជាតិជាង១៥ឆ្នាំ ត្រូវបានគណៈ កម្មការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ឬ កីឡាជនពិការ គាំទ្រឱ្យជាប់ជាគ្រូជម្រើសជាតិ សម្រាប់ឆ្នាំ ២០២១ ។ កាលពីឆ្នាំ ២០១៩ ហែម ថុន វិទីនី បានភ្ជាប់ពាក្យជាមួយកីឡាករបាល់ទាត់នៅក្លឹបស្វាយរៀង ឈ្មោះ អាឡិច យូ ដែលជាបុរសកូនកាត់ខ្មែរ-អាមេរិក ៕




ដោយ៖ ម៉ានី
