គូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា លោក Datuk Seri Ahmad Faizal Azumu បានបញ្ជាក់ថា គ្មានកីឡាករ-កីឡាការិនីណាម្នាក់ ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលខកខាន មិនបានធ្វើតេស្តិ៍សារធាតុហាមឃាត់ ក្នុងកីឡារហូតមកដល់ពេលនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រម៉ាឡេស៊ីឌឺវីប៊ីស។
លោកបាននិយាយថា ទីភ្នាក់ងារប្រឆាំងសារធាតុញៀន នៃប្រទេសម៉ាឡេស៊ី នឹងបន្តធ្វើតេស្ដជាប្រព័ន្ធ លើអត្តពលិក ដើម្បីធានាថា ការប្រកួតថ្នាក់ជាតិ គឺគ្មានសារធាតុហាមឃាត់ ក្នុងកីឡាក្នុងការប្រកួតរយៈពេល២ឆ្នាំ។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបានសង្កេតមើលការហ្វឹកហាត់ របស់អត្តពលិកកីឡា SEA GAMES នៅក្រុមប្រឹក្សាកីឡាជាតិ (NSC) Complex, Bukit Jalil កាលពីយប់មិញថា រហូតមកដល់ពេលនេះ មិនមានករណីណាមួយឡើយ។ យើងសង្ឃឹមថា នឹងរក្សាវាបាន ការធ្វើតេស្តិ៍នឹងបន្តធ្វើទៅមុខទៀត។
គ្មានករណីប្រើប្រាស់សារធាតុហាមឃាត់ ក្នុងកីឡាខុសច្បាប់ក្នុងព្រឹត្តិការណ៍ SEA GAMES 2019 នៅប្រទេសហ្វីលីពីនទេ ប៉ុន្តែមានករណីអត្តពលិកម៉ាឡេស៊ីបរាជ័យ ក្នុងការសាកល្បងសារធាតុហាមឃាត់ ក្នុងកីឡាសម្រាប់ព្រឹត្តិការណ៍ SEA GAMES 201៧ នៅទីក្រុងកូឡាឡាំពួរ និងព្រឹត្តិការណ៍ Gold Coast Commonwealth Games ឆ្នាំ ២០១៨ នៅប្រទេសអូស្ត្រាលី។
លោក Faizal បានបន្តថា កីឡាករជម្រើសជាតិនឹងចេញដំណើរ ជាដំណាក់កាលចាប់ផ្តើមពីថ្ងៃទី ៤ ឧសភា សម្រាប់ SEA GAMES គ្រោងនឹងប្រព្រឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយនឹងការប្រកួតមុជទឹក និងបាល់ទាត់ចាប់ផ្តើម មួយសប្តាហ៍មុន។
លោកថាស្ទើរតែ ៤០ភាគរយ នៃអត្តពលិកដែលត្រូវបានជ្រើសរើស ឲ្យធ្វើជាតំណាងប្រទេស ក្នុងការប្រកួតកីឡាលើកនេះ គឺជាអត្តពលិកវ័យក្មេង នឹងបង្ហាញខ្លួនជាអន្តរជាតិ លើកដំបូងរបស់ពួកគេ។
ខ្ញុំសង្ឃឹមថា ពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ជាពិសេសក្នុងការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន របស់ពួកគេឲ្យកាន់តែប្រសើរឡើង។ នេះជាវេទិកាមួយសម្រាប់ពួកគេ ដើម្បីប្រកួតប្រជែងខ្លួនឯង ក្នុងកម្រិតអន្តរជាតិ។
ដូច្នេះហើយ លោក Faizal បានស្នើឲ្យប្រជាជនម៉ាឡេស៊ី ជាពិសេសអ្នកគាំទ្រ កីឡាកុំដាក់សម្ពាធខ្លាំងពេក លើពួកគេក្នុងការនាំយកមេដាយមាស មកផ្ទះវិញ ប៉ុន្តែផ្ទុយទៅវិញត្រូវគាំទ្រ ការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកែលម្អសមិទ្ធផលផ្ទាល់ខ្លួនពីមុន។
ដោយអត្ថាធិប្បាយលើភាពលំបាក ក្នុងការទទួលបានអាហារហាឡាល់ នៅទីក្រុងហាណូយ លោក Faizal បានបន្តថា NSC បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចម្អិនអាហារដោយខ្លួនឯង និងផ្គត់ផ្គង់កញ្ចប់អាហារ ប្រសិនបើអាហារ ដែលផ្តល់នៅសណ្ឋាគារ (កន្លែងដែលអត្តពលិកជាតិ នឹងស្នាក់នៅ) មិនសមរម្យសម្រាប់អត្តពលិក របស់ប្រទេស៕ ដោយ៖លី ភីលីព