ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងឲ្យ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និង កីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំ នាយកសកកម្មការស្តីពីការរៀបចំ ប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២២ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងរៀបចំការប្រកួតបាននិយាយថា ការរៀបចំប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ មាន ៨ ប្រភេទកីឡាដោយមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនីមកពី ២៥ រាជធានីខេត្តចំនួន ១៦៧៧ នាក់ ព្រមទំាងគណៈកម្មការចូលរួម គឺគណៈកម្មការចំពោះកិច្ច ចំនួន ៣៣នាក់ គណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល ទាំង៨សហព័ន្ធ ចំនួន ១៧៥ នាក់ និងគណៈកម្មការរួម ចំនួន ១២០នាក់។

ចំពោះទីលានប្រកួតគណៈកម្មការ ធ្វើឡើងជាច្រើនកន្លែងរួមមាន វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋាន ជាតិ សសយក រាជធានីភ្នំពេញ វិទ្យាល័យ បឹងត្របែក និងវិទ្យាល័យ ជា ស៊ីម បឹងកេងកង ។
លោក សុខ សប្បាយណា បានមាន ប្រសាសន៍ថា តំាំងនាមឲ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុនជន និងកីឡាពិត ជាសប្បាយចិត្តណាស់ ដោយឃើញការប្រកួតកីឡាថ្នាក់ជាតិ ទូទំាំងប្រទេសបានវិលត្រឡប់ ស្របពេលដែលប្រទេសកម្ពុជា ត្រៀមខ្លួនរួចជាស្រេច សម្រាប់ធ្វើជាម្ចាស់ព្រឹតិ្តការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ បន្ទាប់ពីការប្រកួតឆ្នាំនេះនៅប្រទេសវៀតណាម។
លោកបន្តថា សូមឲ្យគណៈកម្មការទំាង ៨ ប្រភេទកីឡា ត្រូវប្រកាន់ភ្ជាប់ នូវដោយយុត្តិធម៌ ចំពោះការប្រកួតនេះ ដើម្បីឲ្យគណៈប្រភូតិដឹកនាំតាម បណ្តាលខេត្តទំាំង ២៥ រីករាយ និងត្រូវពិនិត្យ ឲ្យបានត្រឹមត្រូវចំពោះកីឡាករ -កីឡាការិនីចូលរួម ហើយគណៈប្រភូតិដឹកនាំត្រូវគោរពការប្រកួតមិនត្រូវ យកកីឡាករ-កីឡាការិនីមធ្យមមកប្រកួតជាមួយកីឡាករ-កីឡាការិនីសិស្សបឋម ពីព្រោះនេះជាការរៀបចំ ប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២២ ។
ការរៀបចំប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២២មាន៨ប្រភេទកីឡាដូច ជាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីតលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF ៕ដោយ៖លី ភីលីព
