ភ្នំពេញ ៖ សហព័ន្ធកីឡា ប៉េតង់ និងប៊ូលកម្ពុជា នឹងបញ្ជូនគណៈប្រតិភូ គូ្របង្វឹក និងកីឡាករ-កីឡាការិនី ចំនួន៧នាក់ ទៅចូលរូមព្រឹត្តិការណ៍ ការប្រកួតជើងឯកកីឡា ប៉េតង់កម្រិតពិភពលោក “The World Championships Singles .Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក់ ដែលប្រព្រឹត្តថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។
លោក អ៊ុក យ៉ារី គ្រូបង្វឹកបានប្រាប់ឲ្យដឹងថា ការប្រកួតប្រទេសដាណឺម៉ាក់ មានកីឡាករ-កីឡាការិនី រាប់រយនាក់ មកពីប្រទេស ចំនួន៤៨ប្រទេស នៅទូទំាងពិភពលោក ដើម្បីចូលរួមប្រកួត ។ សហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក ២នាក់ និងប្រធានប្រតិភូ១នាក់ សម្រាប់ក្រុមអត្តពលិករួមមានកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម គ្រូបង្វឹករូបលោក និងអ្នកគ្រូ អ៊ុ ចន្ទ្រា និងប្រធានប្រតិភូ លោក ហ៊ឹម ខេមរា ។
លោកគ្រូបង្វឹកបន្តថា ចំពោះវិញ្ញាសា ១ទល់១ ផ្នែកបុរស គឺកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ១ទល់១ ផ្នែកនារី កីឡាការិនី ជុំ ជីវណ្ណ ចំពោះវិញ្ញាសា ២ទល់២ ផ្នែកបុរស កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាករ ភាព រ៉ាឃីម វិញ្ញាសា ២ទល់២ ផ្នែកនារីកីឡាការិនី ជុំ ជីវណ្ណ កីឡាការិនី ធា សម្ជស្ស និងវិញ្ញាសាចម្រុះកីឡាការិនី ធា សម្ជស្ស និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ។
លោកបានបន្តថា នៅថ្ងៃទី១១ ខែដដែល នៅទីនោះមានការប្រកួតតេស្តិ៍ ទីលានប្រកួត ដោយមានប្រទេស ចំនួន៤៨ប្រទេស នៅទូទំាងពិភពលោកលើវិញ្ញាសា ចម្រុះ ក្នុងនោះគ្រូបង្វឹក និងគ្រូជំនួយក៏តម្រូវ ឲ្យចូលរួមដែរផង៕