ភ្នំពេញ៖ប្រធាន ប្រតិភូ គ្រូ បង្វឹក និងកីឡាករ កីឡាការីនី ហែលទឹក ជម្រើស ជាតិ ចំនួន ២១នាក់ បានទទួលការអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោមអធិបតីភាពលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ស៊ុនចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីត្រៀមចូលរួមប្រកួតកីឡា SEA GAMES 2023 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ ។
លោករដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ដែលត្រៀមចូលរួមប្រកួតកីឡា SEA GAMES នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាខែក្រោយនេះត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ដើម្បីជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ ជាពិសេសជៀសឲ្យបាននូវការប្រើប្រាស់សាធាតុហាមឃាត់ប៉ូវកម្លាំង និងខិតខំប្រឹងប្រែងប្រកួតដណ្តើមមេដាយជូនជាតិ ក៏ព្រោះលើកនេះជាការចូលរួមប្រកួតតំណាងអោយជាតិ នៅខាងក្រោយក៏មានប្រជាជន ១៦លាននាក់ផងដែរ ។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ ក៏បាននាំយកប្រាក់ឧបត្ថម្ភលើកទឹកចិត្ត និងប្រាក់ឧបត្ថម្ភសម្រាប់ទិញសម្លៀកបំពាក់ប្រកួត លើប្រភេទកីឡា FIN Swimming របស់ ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានសហព័ន្ធ ប្រគល់ជូនប្រតិភូដឹកនាំ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតកីឡា SEA GAMES នៅវៀតណាម ផងដែរ ។