ភ្នំពេញ ៖ ក្រុមកីឡាតេក្វាន់ដូ WT ខេត្តបាត់ដំបងគ្រងតំណែងជើងឯក លើប្រភេទតេក្វាន់ដូ WT នៃប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ២០២២ ខណៈក្រុមកីឡាតេក្វាន់ដូ WT ខេត្តសៀមរាបបានត្រឹមជើងឯក រងនៅអាគារប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ក្នុងឳកាសពិធីបិទជាផ្លូវការនាថ្ងៃ៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញ ចូលរួមបំពាក់មេដាយ និងប្រគល់ជយលាភី ដល់កីឡាករ-កីឡាការិនី ពីសំណាក់លោក គង់ សក្ខីដា អគ្គលេខាធិការរងនៃ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ។
ក្រុមកីឡាតេក្វាន់ដូ WT ខេត្តបាត់ដំបងដណ្តើមបានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្រុមកីឡា តេក្វាន់ដូ WT ខេត្តសៀមរាបដណ្តើម បានមេដាយមាស១គ្រឿង និងមេដាយប្រាក់១ គ្រឿង ក្រុមកីឡាតេក្វាន់ដូ WT ខេត្តកំពត ខេត្តតាកែវ និងខេត្តកំពង់ចាមដណ្តើម បានមេដាយប្រាក់ ១ គ្រឿងដូចគ្នា ក្រុមកីឡា តេក្វាន់ដូ WT ខេត្តមណ្ឌលគីរីដណ្តើម បានមេដាយសំរិទ្ធ២គ្រឿង និងក្រុមកីឡាតេក្វាន់ដូ WT ខេត្តរតនគីរីដណ្តើម បានមេដាយសំរិទ្ធ ១ គ្រឿង លោក ឃឹម សត្ថា អនុប្រធានគណៈកម្មការ ការប្រកួតបាននិយាយថា សម្រាប់ប្រភេទកីឡាតេក្វាន់ដូ WT វិញមាន ១០ ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀបរាម ខេត្តមណ្ឌលគីរី និងខេត្តរគនគីរី ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣៩នាក់ និងគ្រូបង្វឹក១០នាក់ ក្នុងនោះកីឡាការិនី ១៧នាក់ ព្រមទំាងកីឡាករ២២នាក់ ។ យើងបានដាក់៤វិញ្ញាសារួមមាន វិញ្ញាសាមេគុនឯកត្តជនកុមារា-កុមារី ចាប់ពី ៨ ឆ្នាំ ទៅ ១២ ឆ្នាំ និងវិញ្ញសាមេគុនគូ៨ឆ្នាំ ទៅ ១២ ឆ្នាំ ។

ការប្រកួតនេះមាន៨ប្រភេទកីឡា ស្មើនឹង៣៤វិញ្ញាសា លើប្រភេទ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

ការប្រកួតកីឡានេះទៅតាមគន្លងប្រក្រតីភាពថ្មីដែរ ដោយរក្សានូវវិធានការ ការពារជាប់ជានិច្ច ពោលគឺរក្សាអនាម័យ វាស់កម្ដៅ រក្សាគម្លាត និង ពាក់ម៉ាសជាប្រចាំ ។ ការប្រកួតធ្វើឡើងដើម្បីបំផុសសកម្មភាពអប់រំ កាយ និងកីឡាក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត និងជួយឲ្យ សិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិត ស្វាញ សំដៅដណ្ដើមបានលទ្ធផលល្អ ប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ៕

