លោក Jamier Carragher បាននិយាយថា ឱកាសឈ្នះពានសម្រាប់ Liverpool មិនទាន់ចប់នៅឡើយទេ ត្បិតខាតអស់ពីរពិន្ទុពេលប៉ះជាមួយ Spurs កាលពីថ្ងៃសៅរ៍កន្លងទៅ។
Manchester City ពេលនេះកំពុងគម្លាតលើ Liverpool ៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះ Newcastle ដល់ទៅ៥-០ កាលពីយប់មិញ។ យ៉ាងនេះក្ដី អតីតកីឡាកររបស់ Liverpool លោក Carragher ថា មិនទាន់អស់សង្ឃឹមនៅឡើយទេសម្រាប់ហង្សក្រហម។
Carragher ជឿជាក់ថែមទៀតថា ក្រុមលោក Pep Guardiola នឹងរបូតពិន្ទុវិញសម្រាប់ការប្រកួតដែលនៅសល់ទល់នឹង Wolves ឬ West Ham។ “វាមិនទាន់ចាញ់ទេ។ ខ្ញុំតែងតែគិតថា ក្រុមទាំងពីរនឹងរបូតពិន្ទុដូចគ្នា។ ខ្ញុំតែងតែមានអារម្មណ៍ថានេះជាការប្រកួតគ្រោះថ្នាក់សម្រាប់ Liverpool ជាមួយរបៀបដែលពួកគេលេង។ Son និង Kane លើប្រព័ន្ធវាយបក បានបង្ហាញច្បាស់នៅក្នុងការប្រកួត”។ សម្ដី Carragher។
អ្នកវិភាគកីឡាករខាងលើបានបន្តថា លោកមិនគិតថា Newcastle ជាបញ្ហាសម្រាប់ City ឡើយ។ ប៉ុន្តែលោកមើលឃើញការប្រកួតក្រៅដីនៅឯកីឡដ្ឋានរបស់ Wolves និង West Ham ដោយគិតថា City នឹងរបូតពិន្ទុនៅក្នុងការប្រកួតណាមួយ៕