ភ្នំពេញ៖ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយាន បានមានប្រសាសន៍ ក្នុងពិធីសំណេះសំណាល លើកទឹកចិត្ត កាលពីល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ថា បានជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនី ទោចក្រយានជម្រើសជាតិកម្ពុជា ប្រឹងប្រែងប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដើម្បីដណ្តើមឲ្យបាន នូវលទ្ធផលល្អជូនជាតិ។
លោក កឹម សុខុន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតិខិតខំប្រឹងប្រែង ដើម្បីជាតិ របស់កីឡាករ-កីឡាការិនីគ្រប់រូប ពិសេសកីឡាករកូនខ្មែរនៅអាមេរិក Phan Johnny ដែលបានលះបង់ពេលវេលា និងការខំប្រឹងគ្រប់បែបយ៉ាង ដើម្បីបានមកប្រកួតតំណាងជាតិ និងប្ដេជ្ញាដណ្ដើមមេដាយជូនជាតិ ប្រកបដោយឆន្ទៈស្នេហាជាតិខ្ពស់។
ក្នុងនោះនាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល និងផ្ដល់អនុសាសន៍ល្អៗ លោក កឹម សុខុន ក៏បានឧបត្ថម្ភថវិកាដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់ខ្លួន ចំនួន ១៣នាក់ ក្នុងម្នាក់ ៨សែនរៀល មុនចាកចេញពីមាតុភូមិ ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នាពេលដ៏ខ្លីខាងមុខផងដែរ។
កីឡាករខ្មែរ-អាមេរិក ផាន់ ចូណាថាន់ (Phan Johnny) បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីបានធ្វើដំណើរមកដល់កម្ពុជា និងត្រៀមចូលរួម ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូ នាពេលខាងមុខឆាប់ៗនេះ។ Johnny ថាខ្លួនបានត្រៀមរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ ប្រចាំតំបន់នេះ ជាមួយគោលដៅដណ្ដើមមេដាយមាស ជូនជាតិទៀតផង។ Johnny បានលើកឡើងថា នេះគឺជាក្ដីស្រម៉ៃមួយ ដែលខ្លួនប៉ងមកប្រកួត តំណាងប្រទេសកំណើតរបស់ខ្លួន ក្រោយពីរូបគេបានខិតខំប្រឹងប្រែង ហ្វឹកហាត់ជាខ្លាំង ដើម្បីចូលរួមការប្រកួតនេះ។
ចំពោះកីឡាករ-កីឡាការិនីជម្រើសជាតិកង់ ដែលបោះជុំរុំហ្វឹកហាត់ក្នុងស្រុក នៅខេត្តសៀមរាប វិញ រួមមានកីឡាការិនី ខេន ម៉ាឡៃ និងកីឡាការិនី យត់ កន្និកា ក៏បានបង្ហាញនូវការតាំងចិត្តខ្ពស់ សម្រាប់ការត្រៀមបង្ហាញខ្លួន លើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ បន្ទាប់ពីមានការយកចិត្តទុកដាក់ និងហ្វឹកហាត់ត្រឹមត្រូវ ធ្វើឲ្យពួកគេមានទំនុកចិត្ត នឹងធ្វើបានល្អ ដើម្បីស្វែងរកមេដាយជូនជាតិ៕ ដោយ៖លី ភីលីព




