ភ្នំពេញ៖នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សាប្រព្រឹត្តឡើងនៅទីលានប៉េតង់វិទ្យាល័យ ជា ស៊ីម សាមគ្គី ដោយមានក្រុមកីឡាករវ័យចាស់ និងយុវជនចូលរួមចំនួន៣២ក្រុមមកពីបណ្តាខេត្តជិតរាជធានីភ្នំពេញដែលជាគំនិតផ្តួចផ្តើមរបស់លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ។
ក្នុងឧកាស ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស៊ុម សុជាតិ អនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជា លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ ព្រមទំាងកីឡាករទំាង៣២ក្រុម។
លោក ស៊ុម សុជាតិ បានមានប្រសាសន៍ថា ការប្រកួតធ្វើឡើងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់ ៦៩ យាងចូល ៧០ព្រះវស្សាមានក្រុមចូលរួមចំនួន ៣២ ក្រុម ដោយការប្រកួតនេះមិនបានកំណត់ចូលរួមឡើយត្រូវបានអនុញ្ញាតឲ្យចូលរួមទំាងអស់គ្នា។ មុនដំបូងយើងកំណត់យកតែ ២៤ ក្រុមទេ ប៉ុន្តែដោយសារគ្រួសារប៉េតង់បានដាក់ពាក្យច្រើនរហូរដល់ ៣២ ក្រុម ធ្វើឲ្យយើងរៀបចំទីលានប្រកួតចំនួន ១៦ ទីលាន ព្រោះយើងមានទីលានត្រឹម១២ទីលានទេ។
លោកបានបន្តថា តាមគំនិតលោកចង់បង្កើតឲ្យមានការប្រកួតមួយម្តងសម្រាប់សមាគមកីឡាប៉េតង់ ដោយសារទីលានមិនអំណោយផល ទើបធ្វើឲ្យលោករៀបចំដើមឆ្នាំ ពីព្រោះទីលានគ្មានដំបូល។ក្នុងចំណោមកីឡាទំាងអស់ ប្រភេទកីឡាប៉េតង់ជាប្រភេទកីឡាពេញនិយមសម្រាប់កីឡាករអាយុច្រើន ចំពោះការប្រភេទកាន់តែចាស់កាន់តែមានបទពិសោធន៍ច្រើនក្នុងការប្រកួត ក៏ជាគំរូបមួយសម្រាប់ជំរុញចលនាយុវជន-យុវតី និងកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់មកលេងកីឡាប៉េតង់នេះ។
លោកអនុប្រធានបន្ថែមទៀតថា ការប្រកួតនេះក៏មានកីឡាករមកពីខេត្តមួយចំនួនដូចជារាជធានីភ្នំពេញខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀងបានចូលរួម ចំណែកខេត្តនៅឆ្ងាយមិនបានចូលរួមដោយសារថ្នាក់ដឹកនាំជាប់រវល់នឹងការងារ៕ដោយ៖លី ភីលីព