ក្ដីសង្ឃឹមរបស់ Arsenal ប្រជែងយក Top ៤ ក្នុង Premier League កំពុងស្ថិតក្នុងមន្ទិល បន្ទាប់ពីពួកគេបានប្រកួតចាញ់ Newcastle ២-០ នៅឯកីឡដ្ឋាន St James’Park កាលពីយប់មិញ។
ក្រុមលោក Mikel Arteta ដែលកំពុងត្រូវការពិន្ទុខ្លាំង បែរជាត្រូវ Newcastle នាំមុខមុនដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Ben White។ គ្រាប់ទីពីររបស់ក្រុមរហស្សនាមសារិកាព្រៃធ្វើបានដោយខ្សែបម្រើ Bruno Guimaraes។ លទ្ធផល ២-០ គ្រប់គ្រាន់ឲ្យ Newcastle ឈ្នះលើ Arsenal ទទួលបាន៣ពិន្ទុបន្ថែមក្នុងសប្ដាហ៍ទី៣៧។
បរាជ័យនេះក្រុមកាំភ្លើងធំមិនអាចប្រជែងយកលេខ៤របស់ខ្លួនបានវិញទេ ដោយចាញ់ក្រុម Spurs ២ពិន្ទុ។ យ៉ាងណាមិញ ចំណាត់ថ្នាក់ Top 4 រវាងក្រុមទាំងពីរត្រូវអ៊ុតនៅសប្ដាហ៍ចុងក្រោយដែលត្រូវលេងនៅចុងសប្ដាហ៍នេះ។ សប្ដាហ៍ទី៣៨ Arsenal ត្រូវប៉ះជាមួយ Everton ខណៈ Spurs ជួបក្រុមបាតតារាង Norwich។
ក៏មិនខុសគ្នាដែរ ក្រុមកំពុងប្រជែងជើងឯក Premier League គឺ Manchester City និង Liverpool ក៏ត្រូវរងចាំដល់សប្ដាហ៍ចុងក្រោយដូចគ្នាដើម្បីរកឃើញម្ចាស់ពានរដូវកាលនេះពិតប្រាកដ។ City បច្ចុប្បន្នមាន៩០ពិន្ទុ ខណៈ Liverpool មាន៨៦ពិន្ទុ៕ Source: Sabay