កីឡា

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជួបសំណេះសំណាលប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះ ម្ចាស់មេដាយសំរិទ្ធ SEA GAMES

ភ្នំពេញ ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងជាប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះ សំណាល ជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករបាល់ទះកម្ពុជា ដែលទើបទទួល បានមេដាយសំរិទ្ធ ជាប្រវត្តិសាស្ត្រ ក្នុងព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គម និយមវៀតណាម នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា លោកពិតសប្បាយចិត្ត ដែលបានឃើញក្រុមកីឡាករ បាល់ទះកម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ បន្ទាប់ពីយក ឈ្នះក្រុមកីឡាបាល់ទះថៃ គឺជាក្រុមខ្លាំងមួយ ក្នុងចំណោមក្រុមខ្លាំងច្រើន ។ នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្តើម SEA GAMES ប្រភេទកីឡាបាល់ទះ ក្រោយខកខាតទទួលបានជាង៤០ឆ្នាំមកហើយ ។

លោកប្រធានបន្តថា សូមឲ្យក្រុមកីឡាបាល់ទះយើងត្រូវបន្តការ ហ្វឹកហាត់ និងពង្រឹងសមត្ថភាពបន្ថែមទៀត ហើយលោកនឹងឲ្យ ក្រុមនេះធ្វើការ ប្រកួតមិត្តភាពកម្តៅ សាច់ដុំជាមួយក្រុមបាល់ទះ ប្រទេសបារាំង និងប្រទេសគុយបា នៅប្រទេសកម្ពុជា ឬក៏បញ្ជូនក្រុមនេះ ឲ្យទៅប្រទេសបារាំង និងប្រទេសគុយបាដើម្បីដកស្រង់បទពិសោធន៍ មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ ចំនួន ២៥នាក់ ក្នុងម្នាក់ថវិកាចំនួន ២០០ដុល្លារ ៕

Most Popular

To Top