ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ ដល់សហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា រួមសហការជាមួយសហព័ន្ធ កីឡាជាតិចំនួន១២ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រួមមាន១២ប្រភេទកីឡា និងមានវិញ្ញាសាសរុប ៩៤ នៅ រាជធានីភ្នំពេញ។

ការប្រកួតនេះក្នុងគោលបំណង ផ្ដល់ឱកាសដល់និស្សិតពេញម៉ោង បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសនិស្សិតដែលមាន ទេពកោសល្យតំណាងជាតិ ចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យ ជាលក្ខណៈអន្តរជាតិ។ ផ្តល់លទ្ធភាពជូនសហព័ន្ធកីឡាជាតិ ដើម្បីយកការប្រកួតខាងលើ ជាការដ្ឋានសម្រាប់អនុវត្តការងារត្រៀម លក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
សម្រាបប់ផ្ដល់ឱកាសដល់មន្ត្រីបច្ចេកទេស ដែលសហព័ន្ធកីឡាជាតិ បានបណ្តុះបណ្តាលហើយ បានអនុវត្តការងារ ជាក់ស្តែង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ ព្រមទាំងលើកកម្ពស់គុណភាព នៃការរៀបចំការប្រកួតត្រៀមលក្ខណៈ ឆ្ពោះទៅឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការជូនដំណឹង ដល់សាធារណជន និងបណ្តាសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន ព្រមទាំងចូលរួមគាំទ្រ ក្នុងគោលបំណងរួមចំណែក លើកស្ទួយវិស័យកីឡារបស់យើង ឲ្យកាន់តែផុលផុសថែមទៀត៕ ដោយ៖លី ភីលីព



