ខ្សែបម្រើ Thiago Alcantara បានអនុញ្ញាតឲ្យមិត្តរួមក្រុម Liverpool កីឡាករ Sadio Mane ស្នាក់នៅផ្ទះរបស់គេស្ថិតក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ប្រសិនបើផ្ទេរទៅកាន់ក្លឹប Bayern Munich។
ការសម្រេចចិត្តបែបនេះកើតឡើង បន្ទាប់ពី Bayern បានបរាជ័យ ចំពោះសំណើដំបូង ក្នុងទំហំទឹកប្រាក់២៥លានផោន សម្រាប់ Mane ដែលចង់ចាកចេញពី Anfield ក្នុងរដូវក្ដៅនេះ។ Mane វ័យ៣០ឆ្នាំបានប្រាប់ Liuverpool គេចង់ចាកចេញពីក្លឹប បន្ទាប់ពីឈានចូលកុងត្រាឆ្នាំចុងក្រោយ។
កីឡាករសញ្ជាតិសេណេហ្គាល់ មានចំណាប់អារម្មណ៍ចង់ផ្លាស់ ទៅលេងនៅអាល្លឺម៉ង់ ជាមួយក្លឹបជើងឯក Bayern Munich។ Bayern បានបរាជ័យការដេញថ្លៃដំបូងរបស់ខ្លួន ដោយដាក់សំណើ២១លានផោន បូកជាមួយប្រាក់លើកទឹកចិត្ត ៤លានផោនផ្សេងទៀតឲ្យ Liverpool។
ហើយពេលនេះ Mane ទទួលបានសំណើថ្មីមួយទៀតពីមិត្តរួមក្រុម Thiago ។ កីឡាករសញ្ជាតិអេស្ប៉ាញបានផ្ដល់ Mane នូវផ្ទះរបស់គេក្នុងទីក្រុង Munich ដើម្បីស្នាក់នៅ ប្រសិនបើមានការផ្លាស់ទៅកាន់ Bayern។ Thiago ធ្លាប់ចំណាយពេល៧ឆ្នាំ លេងនៅ Bayern និងជួយក្រុមឈ្នះពាន ជាច្រើនមុនផ្ទេរមក Liverpool ៕