កីឡា

សិក្ខាកាមចំនួន៨៦នាក់ ចូលរួមវគ្គបំប៉ន សមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា

ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញចូលរួមប្រកាសពីធិបើកវគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៅសាលប្រជុំធំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមរៀបចំដោយនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា។

សម្រាប់វគ្គវគ្គបំប៉នសមត្ថភាពស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមសិក្សាអគ្គលេខាធិការ និងមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិចំនួន៤៨សហព័ន្ធ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជាដែលមានសិក្ខាកាមចំនួន៨៦នាក់។

លោក ហួត សេងទ្រី បាននិយាយថា វគ្គនេះធ្វើឡើងដើម្បីបំប៉នដល់សហព័ន្ធកីឡាជាតិ និងមន្ត្រីគណៈកម្មការ អនុគណៈកម្មការពាក់ព័ន្ធការប្រកួតក្នុងការត្រៀមចូលរួមការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ និងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ។

លោកប្រធាននាយកដ្ឋានបានបន្តថា វគ្គបំប៉នស្តីពីការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡានេះពិតជាមានសារសំខាន់សម្រាប់សិក្ខាកាមដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តីកីឡានៅតាមសហព័ន្ធកីឡាជាតិឲ្យការរៀបចំមានស្តង់ដាតែមួយស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិឲ្យមានការយល់គ្នារវាងគណៈកម្មការរៀបចំការប្រកួត និងអ្នកដឹកនាំការងារបច្ចេកទេសដើម្បីរួមគ្នាឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា វគ្គបំប៉ននេះមានសារសំខាន់ដល់មន្ត្រីសហព័ន្ធកីឡាជាតិ និងមន្ត្រីគណៈកម្មការ អនុគណៈកម្មការពាក់ព័ន្ធការប្រកួតក្នុងការពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តីកីឡាឲ្យការរៀបចំមានស្តង់ដាជាតិ និងអន្តរជាតិចំពោះគណៈកម្មការរៀបចំការប្រកួត និងអ្នកដឹកនាំការងារបច្ចេកទេសដើម្បីរួមគ្នាឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣៕

Most Popular

To Top