ហេលសិនគី ៖ ក្រសួងការពារជាតិហ្វាំងឡង់ កាលពីថ្ងៃអង្គារបានប្រកាសពីការ ចុះហត្ថលេខាលើអនុស្សរណៈ នៃការគាំទ្រប្រទេសម្ចាស់ផ្ទះ រវាងហ្វាំងឡង់ និងស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការគាំទ្រប្រទេសម្ចាស់ផ្ទះ (HNS) គ្របដណ្តប់លើ “វិធានការ ដែលបានព្រមព្រៀង ដោយឡែកពីគ្នា ដែលត្រូវធ្វើដោយប្រទេសម្ចាស់ផ្ទះ ដើម្បីគាំទ្រដល់សមត្ថភាព នៃកងកម្លាំងនៃរដ្ឋមួយផ្សេងទៀត” ។

ឯកសារនេះត្រូវបានចុះហត្ថលេខា ដោយរដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ Antti Kaikkonen និងរដ្ឋមន្ត្រីការពារជាតិស៊ុយអែត Peter Hultqvist ទាក់ទងនឹងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ក្រុមភាគខាងជើង នៅទីក្រុង Reykjavik ប្រទេសអ៊ីស្លង់។
ការចេញផ្សាយបានកត់សម្គាល់ថា “តាមទស្សនៈរបស់ប្រទេសហ្វាំងឡង់ គោលបំណងសំខាន់គឺដើម្បីធានាថា ជំនួយយោធាអាចទទួល បានប្រកបដោយប្រសិទ្ធភាព”។
គោលគំនិតនៃ “ការធ្វើម្ចាស់ផ្ទះយោធា” បានក្លាយជាផ្នែកមួយ នៃភាសានយោបាយហ្វាំងឡង់ក្នុងឆ្នាំ២០១៤ នៅពេលដែលហ្វាំងឡង់ បានចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការធ្វើម្ចាស់ផ្ទះជាមួយណាតូ៕
ប្រែសម្រួល ឈូក បូរ៉ា
