ភ្នំពេញ៖ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម បានក្លាយជាម្ចាស់ជើងឯកនៃព្រឹត្តិការណ៍ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ បន្ទាប់ពីក្រុមនេះ បានយកលើក្រុមបាល់ទាត់សមាគមនបាល់ទាត់ខេត្តកណ្តាលដោយគ្រាប់ប៉េណាល់ទីលទ្ធផល ៦ ទល់៤ ថ្ងៃទ១៧ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះរៀបចំដោយការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។
ក្នុងឳកាសពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២២ នៅកីឡាដ្ឋានខេត្តកណ្ដាល ស្ថិតនៅក្នុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមប្រគល់មេដាយ និងជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីពីសំណាក់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងអភិបាលរងខេត្តកណ្តាល ព្រមទំាងមន្តី្រគ្រប់មន្ទីរខេត្តកណ្តាលទំាងអស់។
ចំពោះក្រុមបាល់ទាត់សមាគមនបាល់ទាត់ខេត្តកណ្តាលបានត្រឹមជើងឯករង ក្រោយពីចាញ់ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមប៉េណាល់ទីលទ្ធផល ៤ទល់៦ ចំណែកក្រុមបាល់ទាត់វិទ្យាល័យ ជ័យវរន្ម័ទី៧ ឈរចំណាត់លេខ៣ រីឯក្រុមបាល់ទាត់យុវជន ព្រាបស ជាចំណាត់លេខ៤។
លោក គង់ សោភ័ណ្ឌបានមានប្រសាសន៍ថា យើងរួមគ្នាអភិវឌ្ឍន៍ វិស័យកីឡា ក្រោមម្លប់សន្តិភាព ដើម្បីពង្រឹងសមត្ថភាព ជ្រើសរើស កីឡាករ កីឡាការិនី ឆ្នើម សម្រាប់ត្រៀមឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡានាំមកសុខភាព និងការប្រាស្រ័យទំនាក់ទំនងល្អនៅក្នុងសង្គម ប្រកបដោយភាតរភាព ក្នុងនាមជាប្រជាជាតិមួយ ដែលមានមោទនភាពជាតិ ពោរពេញទៅដោយស្នាមញញឹមស្អាត និងរួសរាយរាក់ទាក់ ក្រោមម្លប់សុខសន្តិភាព និងសុខដុមរមនា ៕ដោយ៖លី ភីលីព