ភ្នំពេញ ៖ ទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ខួបលើកទី១០ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ មានកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ប្រមាណ ៥,០០០ នាក់ចូលរួមដោយមានការអញ្ជើញ ក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន ជាគ្គលេខាធិការ NOCC លោកកុល ប៊ុនលី រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ។

ចំពោះវត្តមានប្រជាពលរដ្ឋ និងកីឡាករ-កីឡាការិនីជាតិ អន្ដរជាតិបានចូលរួមព្រឹត្តិការណ៍នេះ ពិសេស គឺចូលរួមរត់ប្រណាំង ដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៦ យាងចូល ៨៧ ព្រះវស្សា ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ហើយរត់ដើម្បីមនុស្សធម៌ រត់ដើម្បីទីក្រុងស្អាត រត់ដើម្បីសុខភាព។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការត្រឡប់មកវិញ នៃព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ មានអ្នកចុះឈ្មោះចូលរួមចំនួន ៣,៦២១នាក់ប៉ុណ្ណោះ តែអ្នកចូលរួមរត់ ជាក់ស្ដែងប្រមាណ ៥,០០០នាក់ ។ ក្នុងចំណោមអ្នករត់ខាងលើ ភាគច្រើនជាប្រជាពលរដ្ឋខ្មែរ ខណៈបរទេសភាគច្រើន ជាជនបរទេសនៅកម្ពុជា ហើយមានប្រមាណ ១០% ប៉ុណ្ណោះ ដែលមកពីក្រៅប្រទេស ។


ចំពោះលទ្ធផលនៃការរត់វិញ សម្រាប់វិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា, លេខ២ កីឡាករកម្ពុជា ម៉ា វីរ៉ូ និងលេខ៣ កីឡាករជប៉ុន Ota Yugo ខណៈផ្នែកនារី លេខ១ កីឡាការិនីជប៉ុន Ota Natsuko លេខ២ កីឡាការិនីហុងកុង Lee Yin Ling និងលេខ៣ កីឡាការិនីជប៉ុន Fukunari Mizuki ។ ចំណែកវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ ផ្នែកបុរស លេខ១ បានទៅកីឡាករ Ayal Andarge មកពីប្រទេសអេត្យូពី លេខ២ កីឡាករកម្ពុជា កាំង ធឿន និងលេខ៣ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត គ្រាដែលផ្នែកនារី លេខ១ បានទៅកីឡាការិនីកម្ពុជា ធុន សុម៉ាវត្ដី, លេខ២ កីឡាការិនីកម្ពុជា អួន ច័ន្ទភត្រា និងលេខ៣ កីឡការិនីកម្ពុជា អេង មួយជីង ៕


