Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិជប៉ុន Takumi Minamino ទៅឲ្យក្លឹប Monaco ហើយក្នុងតម្លៃខ្លួន១៥,៥លានផោន។
Monaco ដែលមានមូលដ្ឋានក្នុង Ligue 1 គឺជាក្លឹបមួយក្នុងចំណោមក្លឹបផ្សេងទៀត ដាក់ការចាប់អារម្មណ៍ លើកីឡាករវ័យ២៧ឆ្នាំ។ Minamino ចូលរួមជាមួយ Liverpool កាលពីឆ្នាំ២០២០ផ្ទេរពីក្លឹប Red Bull Salzburg ក្នុងតម្លៃខ្លួន៧,២៥លានផោន ។
Minamino រកបាន១៤គ្រាប់ ក្នុងការបង្ហាញខ្លួន ឲ្យហង្សក្រហម៥៥ប្រកួត និងជាអ្នករកបានគ្រាប់ច្រើន ជាងគេនៅពានរង្វាន់ Cup ក្នុងស្រុកកាលពីរដូវកាលមុន។ ៧គ្រាប់របស់ Minamino បានជួយក្រុមលោក Jurgen Klopp ឈ្នះពាន FA Cup និង League Cup។
យ៉ាងណាមិញ គេបង្ហាញខ្លួនបានតែ១១ប្រកួតគត់ ក្នុងនោះចាប់ផ្ដើមជាជម្រើសដំបូង បានម្ដងក្នុងពានរង្វាន់ Premier League ខណៈ Liverpool បញ្ចប់រដូវកាលបានត្រឹមលេខ ២ក្រោម Man City មួយពិន្ទុ ។ Minamino ក៏ធ្លាប់ត្រូវបានហង្សក្រហម ឲ្យ Southampton ខ្ចីជើងកាលពីខែកុម្ភៈ ឆ្នាំ២០២១ មុនពេលត្រលប់មកជួយក្រុមវិញ នៅរដូវកាល២០២១-២២ ៕