កីឡា

NOCC ធ្វើការផ្សព្វផ្សាយ ស្ដីពីគុណតម្លៃកីឡាអូឡាំពិក និងដំណើរឆ្ពោះ ទៅការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ រយៈពេល២ថ្ងៃ នៅខេត្តកែប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” នៅថ្ងៃទី២២ ខែមិថុនា ក្រុមការងារ NOCC នឹងធ្វើការផ្សព្វផ្សាយ ស្ដីពីគុណតម្លៃកីឡាអូឡាំពិក និងដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដល់សិស្សានុសិស្ស ប្រមាណជាង ៦០នាក់ នៃវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ។

លោក ប៊ុយ សោភ័ណ្ឌ ជាទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននិយាយថា សម្រាប់ការអបអរទិវាកីឡាអូឡាំពិកឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំ នៅខេត្តកែប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ចំពោះថ្ងៃដំបូងក្រុមការងារ NOCCចុះទៅផ្សព្វផ្សាយ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងវិទ្យាល័យ ហ៊ុន សែន ចំការដូង ដែលមានសិស្សានុសិស្ស ៦០ទៅ៧០នាក់ចូលរួម ក្នុងកម្មវិធីខាងលើកនេះ ។

លោកបានបន្តថា ចំណែកចំណុចនេះ គឺយើងធ្វើការផ្សព្វផ្សាយដំណើរឆ្ពោះ ទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣កម្ពុជា ធ្វើជាម្ចាស់ការប្រកួត ហើយក្រោយពីធ្វើបទបង្ហាញរួច ក្រុមការងារបានរៀបចំការលេង កីឡាផ្សេងៗទៀត ជាច្រើនសម្រាប់សិស្សានុសិស្ស នៅទីនេះ។
ដោយឡែក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ NOCC នឹងរៀបចំកម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរព្រឹត្តិការណ៍ខាងលើ តែកម្មវិធីនេះ មិនផ្ដោតលើការ ប្រកួតប្រជែងនោះទេ គឺជាការជិះលក្ខណៈកម្សាន្ដជុំវិញក្រុងកែប ដោយចេញដំណើរ និងបញ្ចប់នៅឆ្នេរសមុទ្រ «ស្រីស»។ តាមគម្រោងមានសមាជិក ចំនួន ៥០នាក់ នឹងចូលរួម ក្នុងនោះក៏មានកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ នៅទីនោះចូលរួមដែរ ៕

Most Popular

To Top