កីឡា

NOCC បញ្ចប់សកម្មភាព ផ្សព្វផ្សាយកម្មវិធីអប់រំ គុណតម្លៃ អូឡាំពិកនៅភ្នំពេញ

ភ្នំពេញ ៖ បន្ទាប់ពីធ្វើសកម្មភាពផ្សព្វផ្សាយ កម្មវិធីអប់រំគុណតម្លៃ អូឡាំពិក និងនិងដំណើរឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅវិទ្យាល័យបាក់ទូកកាលពីម្សិលមិញ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)បានបន្តរៀបចំសកម្មភាពនេះ នៅវិទ្យាល័យទួលស្វាយព្រៃ បន្ថែមទៀត ។

សកម្មភាពនេះ ដោយមានចូលរួម ពីសិស្សានិសិស្សចំនួន ៥០ នាក់បានបង្ហាញ ចំណាប់អារម្មណ៍ របស់ខ្លួន ក្នុងការទទួលយកនូវចំណេះដឹង ពីការបញ្ជ្រាបពីគ្រូឧទ្ទេស ប្រចាំកម្មវិធីស្តីពីការ អប់រំគុណតម្លៃ អូឡាំពិកនិងឈ្វេងយល់ពីយុទ្ធនាការ ផ្សព្វផ្សាយរបស់កម្ពុជា បាញ់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

លោក ប៊ុយ សុភ័ណ្ឌទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាបានលើកឡើងថា នេះជាកម្មវិធីប្រចាំឆ្នាំ ដើម្បីបញ្រ្ជាបចំណេះដឹង ដល់សិស្សានុសិស្សនានា ឲ្យបានឈ្វេងយល់ ពីគុណតម្លៃ អូឡាំពិក រួមទាំងការជំរុញបន្ថែម ដល់ផ្សព្វផ្សាយឲ្យមានការចូល រួមគាំទ្រដល់ដំណើរការការប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

យុទ្ធនាការផ្សព្វផ្សាយគោលដៅ SEA GAMES ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជានេះ មានដូចជា យុទ្ធនាការកម្ពុជាស្អាត ប្រជាជនម្នាក់លេងកីឡាមួយប្រភេទ កាត់បន្ថយការគ្រោះថ្នាក់ចរាចរ និងកម្ពុជា គ្មានគ្រឿងញៀនជាដើម។
លោកទីប្រឹក្សារូបនេះ សង្កេតឃើញថា សិស្សានុសិស្ស ចូលរួមបានឈ្វេងយល់ពី គុណតម្លៃអូឡាំពិកការរៀបចំព្រឹត្តិ ការណ៍កីឡាអូឡាំពិក និងជីវប្រវត្តិកីឡាអូឡាំពិក សម័យបុរាណ និងសម័យទំនើប ។ ជាមួយគ្នានេះ សិស្សានុសិស្សក៏បានយល់ដឹងយ៉ាងច្រើន ពីដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

ក្រុមការងារ NOCC ប្តេជ្ញាបន្តការផ្សព្វផ្សាយ នូវយុទ្ធនាការឲ្យកាន់តែទូលំទូលាយ ជូនដល់យុវជនប្រជាជន ទូទាំងប្រទេស រហូតដល់កៀកនឹងព្រឹត្តិការណ៍ កីឡាជាប្រវត្តិសាស្ត្រនេះតែម្តង ។ ដោយសារតែកម្ពុជា ទទួលរៀបចំព្រឹត្តិការណ៍កីឡា ដ៏ធំប្រចាំតំបន់នេះជាលើកដំបូង ទើបគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តែងតែជំរុញ ការផ្សព្វផ្សាយ នូវយុទ្ធនាការសំខាន់ៗ ទាំងនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជូនដល់សិស្សានុសិស្ស ព្រមទាំងលើកទឹកចិត្តពួកគាត់ ផ្សព្វផ្សាយបន្តទៅកាន់ញាតិមិត្ត និងក្រុមគ្រួសាររបស់គាត់ ៕

Most Popular

To Top