ភ្នំពេញ ៖ កំពូលព្រឹត្តិការណ៍ប្រដាល់ “សង្វៀនគុនខ្មែរជើងឯកពិភពលោក នាំមកជូនដោយ គោជល់” នាយប់ថ្ងៃ ៦ ខែកក្កដា ឆ្នាំ ២០២២ អ្នកប្រដាល់គុនខ្មែរ កម្ពុជាឈ្នះទំាង៣នាក់ ដោយពិន្ទុទំាងអស់គ្នា ខណៈអ្នកប្រដាល់បួវខោ ក៏ឈ្នះដោយពិន្ទុដែរ ធ្វើឲ្យពួកគេទទួលបានមេដាយមាស នៃការប្រកួត ។

ការប្រកួតក្រោមកិច្ចសហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងគណៈកម្មការរៀបចំការប្រកួតកីឡាSEA GAMES ២០២៣ និងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់ ក្រោមគោលគំនិត “កីឡារស់ក្នុងសន្តិភាព” ដោយមានការផ្សាយផ្សាយផ្ទាល់ ស្ថានីយ៍ទូរទស្សន៍បាយ័ននាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ ។

ក្នុងឳកាសប្រកាសជាផ្លូវការខាងលើកនេះ ដោយមានការចូលរួមពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការ រៀបចំការប្រកួតកីឡា SEA GAMES ២០២៣ និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករងតំណាង ឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក មាន សំអុល អ្នកតំណាង របស់ភេសជ្ជៈប៉ូវកម្លាំង ។

លោក ថោង ខុន ក៏បានមានប្រសាសន៍ថា វិស័យកីឡាត្រូវការវិស័យ ឯកជនគាំទ្រ ព្រោះវិស័យកីឡា គឺជាសកម្មភាពសង្គម មិនមែនធ្វើឡើង ដើម្បីប្រយោជន៍មនុស្សម្នាក់ គឺធ្វើដើម្បីប្រយោជន៍រួមសម្រាប់កីឡាករ-កីឡាការិនី អ្វីដែលជាការចូលរួមវិស័យឯកជន ជាគន្លឹះសម្ព័ន្ធមិត្តថ្នាក់ដឹកនាំ និងកីឡាករ-កីឡាការិនី ។ សកម្មភាពមួយនេះជាការបើកទំព័រដ៏សំខាន់មួយបង្ហាញ និងផ្ញើសារវិស័យឯកជនធំ សូមចូលរួមគាំទ្រដំណើរឆ្ពោះ ទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ។

លោក មាន សំអុល អ្នកតំណាង របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានឲ្យដឹងថា គោជល់ រីករាយក្រៃលែង បានក្លាយជាផ្នែកមួយ នៃកំពូលព្រឹត្តិការណ៍ ប្រដាល់ សង្វៀនគុនខ្មែរជើងឯកពិភពលោក នេះ ។ យើងយល់ឃើញថា គោជល់ និង World Fight មានទិសដៅស្របគ្នាពោល គឺចង់ផ្សព្វផ្សាយគុនខ្មែរ និងលើកទឹកចិត្តកីឡាករប្រដាល់គុនខ្មែរ ឲ្យត្រៀមខ្លួនបានល្អសម្រាប់ព្រឹត្តិការណ៍កីឡា SEA GAMES ២០២៣ ខាងមុខនេះ ។
ហើយកាន់តែកក្រើកទៀតនោះគឺ ក្នុងព្រឹត្តិការណ៍លើកទី១ នឹងមានការប្រកួត Super Fight ដ៏ពិសេសរវាងកំពូលកីឡាករថៃ បួខាវ ទល់នឹង វ៉ារ៉ាត ជាកីឡាករជើងខ្លាំងមកពីប្រទេស បេឡារុស រួមជាមួយគូពិសេសៗជាច្រើនទៀតរវាងកំពូលកីឡាករគុនខ្មែរកម្ពុជាដែលទើបឈ្នះមេដាយពីព្រឹត្តិការណ៍ SEA GAMES ជាមួយនឹងកីឡាករជើងខ្លាំងអន្តរជាតិ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា យុទ្ធនាការប្រដាល់កំពូល ព្រឹត្តិការណ៍ប្រដាល់សង្វៀនគុនខ្មែរជើងឯកពិភពលោក ក្នុងគោលបំណងពង្រីក សក្តានុពល និងធនធានគុនខ្មែរ ព្រមទាំងស្វែង រកជើងខ្លាំង សម្រាប់វិស័យកីឡាប្រដាល់គុនខ្មែរ ព្រមទំាងផ្សព្វផ្សាយគុន ខ្មែរក្នុងដំណើរឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតជាផ្លូវការ ។ យើងរីករាយក្នុងការ ចូលរួមចំណែក ផ្សព្វផ្សាយគុនខ្មែរទូទាំង និងពិភពលោកមូលឲ្យគេបានដឹង ពីវិស័យកីឡាប្រដាល់គុនខ្មែរ របស់កម្ពុជា ។
