អ្នកគាំទ្រ Ultra របស់ក្លឹប Inter Milan បានជំរុញគ្នីគ្នាមិនឲ្យស្វាគមន៍ខ្សែប្រយុទ្ធ Romelu Lukaku ជាមួយនឹងទង់និងកន្សែងបង់ករបស់ពួកគេ នៅពេលដែលគេត្រលប់មកកាន់អ៊ីតាលីវិញ។
Lukaku បានចាកចេញពី Inter ទៅចូលរួមជាមួយ Chelsea កាលពីរដូវក្ដៅមុនក្នុងតម្លៃខ្លួន៩៧,៥លានផោន បន្ទាប់ពីចំណាយពេល២ឆ្នាំជាមួយក្លឹប។ ប៉ុន្តែគេនឹងត្រលប់ មកកាន់អ៊ីតាលីវិញក្នុងរដូវក្ដៅនេះ បន្ទាប់ពីខកចិត្តជាលើកពីរ ជាមួយក្លឹបមានមូលដ្ឋាន ក្នុងទីក្រុងឡុងដ៏។

ចេញសេចក្ដីប្រកាស លើបណ្ដាញសង្គមមុន ការប្រកាសជាផ្លូវការថា Lukaku នឹងត្រលប់មកកាន់កីឡដ្ឋាន San Siro ក្នុងលក្ខខណ្ឌខ្ចីជើងពី Chelsea អ្នកគាំទ្រ Ultra របស់ក្លឹប Inter បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្តជាមួយកីឡាករ សញ្ជាតិបែលហ្សិក។
ពួកគេបានលើកឡើងថា អំឡុងពេលលេងនៅ Inter អ្នកគាំទ្របានចាត់ទុក Lukaku ដូចជាស្ដេច ប៉ុន្តែពេលនេះជាកីឡាករធម្មតាដូចគេដូចឯង។ កីឡាករវ័យ២៩ឆ្នាំបានក្បត់ចិត្ត របស់អ្នកគាំទ្រកាលពីរដូវក្ដៅមុន ហើយមិនមានការស្វាគមន៍ ដូចជាការលើកទង់ និងគ្រវីកន្សែងបង់ករបស់ Inter ដើម្បីទទួលក្នុងការត្រលប់មកវិញឡើយ ។
ក៏មិនដាច់ចិត្តពេលដែរ អ្នកគាំទ្រនឹងផ្ដល់ការស្រលាញ់ទៅកាន់ Lukaku វិញ ប្រសិនគេចេះបន្ទាបខ្លួន និងខំប្រឹងលេងដើម្បីក្រុម។ Inter បានចំណាយត្រឹមតែ៧លានផោនប៉ុណ្ណោះ ក្នុងការនាំយកខ្សែប្រយុទ្ធខាងលើមកវិញ ខណៈ Lukaku យល់ព្រមកាត់បន្ថយថ្លៃ ពលកម្មយ៉ាងច្រើន៕
