ខ្សែបម្រើ Paul Pogba នឹងធ្វើការពិនិត្យសុខភាពជាមួយ Juventus នៅដើមខែក្រោយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនត្រលប់មកកាន់ទីក្រុង Turin វិញ។
អតីតកីឡាកររបស់ Manchester United វ័យ២៩ឆ្នាំ គ្រោងនឹងចុះកុងត្រា រយៈពេល៣ឆ្នាំ ជាមួយជម្រើសបន្ត១២ខែ។ កិច្ចប្រជុំសំខាន់រវាងមន្ត្រីរបស់ Juventus និងលោក Rafaela Pimenta ដែលជាអ្នកតំណាងរបស់ Pogba បានជួបចរចាក្នុងទីក្រុង Milan កាលពីម្សិលមិញ។
ពេលនេះគ្រប់យ៉ាង គឺរួចរាល់សម្រាប់ការត្រលប់មកវិញ របស់ Pogba មកកាន់ Serie A ជាមួយក្លឹប Juventus ដោយគ្មានតម្លៃខ្លួន ។ ៦ឆ្នាំមុនកីឡាករសញ្ជាតិបារាំងបានចាកចេញ ពីក្លឹបរហស្សនាមសេះបង្កង់ត្រលប់ ទៅលេងនៅ United ជាមួយតម្លៃខ្លួន កំណត់ត្រា ៨៩លានផោន ។
សេចក្ដីរាយការណ៍ឲ្យដឹងថា Pogba នឹងទទួលបានប្រាក់ឈ្នួល១៥ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ។ ក្លឹបបិសាចក្រហម បានប្រកាស កាលពីដើមខែនេះថា Pogba នឹងចាកចេញពីក្លឹប ក្នុងរដូវក្ដៅនេះ ពេលដែលកុងត្រា របស់គេបញ្ចប់ ។ PSG និង Real Madrid សុទ្ធតែជាក្លឹបចង់បាន កីឡាកររូបនេះ ប៉ុន្តែចុងក្រោយគេសម្រេចចិត្តវិល មករក Juventus វិញ ៕