កីឡា

កម្ពុជា ចាប់ផ្ដើមរាប់ថយក្រោយ ៣០០ថ្ងៃ សម្រាប់ការប្រកួត ព្រឹត្តិការណ៍កីឡា Sea Games លើកទី៣២

ភ្នំពេញ៖ នៅថ្ងៃសុក្រទី០៨ខែកក្កដា ឆ្នាំ២០២២កម្ពុជា កំពុងស្វាគមន៍ពេលវេលា រាប់ថយក្រោយ រយៈពេល៣០០ថ្ងៃ នៃដំណើរឆ្ពោះទៅត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតព្រឹត្តិការណ៍កីឡា sea games លើកទី៣២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ដ្រលើកដំបូង សម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ។

លោក វ៉ាត់ចំរើនអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC) និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ស្វាគមន៍ ជាមួយខ្លឹមសារទាំងស្រុងថា ៖«ក្នុងនាមអ្នករៀបចំ នូវការងារផ្ទាល់ របស់គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា sea games អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបទៅដោយគតិបណ្ឌិត និងគុណធម៌ខ្ពស់ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ថ្មីៗនេះលោក បណ្ឌិត ថោង ខុន និងលោក ខៀវ កាញារីទ្ធ បានរៀបចំនូវកិច្ចប្រជុំ ជាមួយប្រព័ន្ធផ្សព្វផ្សាយ ហើយនៅក្នុងពេលនោះហើយ ដែលលោកបណ្ឌិត ថោង ខុន ក៏ដូចជាលោក ខៀវ កាញារីទ្ធបានស្នើសុំ ឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រៀមលក្ខណៈជួយបំផ្ទុះព័ត៌មានផ្លូវការ ឲ្យបានគ្រប់គ្នាទូទាំងប្រទេស នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នេះ ដែលធៀបទៅនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ គឺនៅសល់ ៣០០ថ្ងៃ»។

៣០០ថ្ងៃនេះហើយ ដែលយើងចាត់ទុកថា ជាពេលវេលា ដែលបានពន្លឿន និងបានដាក់សម្ពាធ ទៅដល់ការរៀបចំរបស់យើង ឲ្យធ្វើយ៉ាងណាឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ រៀបចំស៊ីហ្គេមនេះ»។

«ព្រឹត្តិការណ៍ ៣០០ថ្ងៃឆ្ពោះទៅsea games 2023 អាស៊ានប៉ារ៉ាហ្គេម ២០២៣ គឺមានសារសំខាន់ណាស់ សម្រាប់ពញ្ញាក់អារម្មណ៍ របស់ប្រជាពលរដ្ឋ ទូទាំងប្រទេសពញ្ញាក់អារម្មណ៍កីឡាករ កីឡាការិនីមន្ត្រីកីឡាស្ថាប័នក្រសួង និងអង្គភាពពាក់ព័ន្ធទាំងអស់ នៅក្នុងការគ្រប់គ្រង របស់គណៈកម្មាធិការជាតិ CAMSOC ទាំងអាជ្ញាធរដែនដីទាំងអស់ថា យើងនៅសល់តែ៣០០ថ្ងៃទៀត ដល់ថ្ងៃដែលយើងទទួលធ្វើម្ចាស់ផ្ទះ។ ដល់ថ្ងៃដែលយើងទទួល បដិសណ្ឋារកិច្ច ប្រតិភូកីឡាជិត ១ម៉ឺននាក់ ដែលមកចូលរួម អបអរសាទរ មកគាំទ្រដល់កម្ពុជា និងចូលរួមក្នុងព្រឹត្តិការណ៍កីឡា sea games នេះ។ ហើយនេះមិនមែនដើម្បីចូលរួម តែការប្រកួតទេ គឺចូលរួមនៅក្នុងការផ្លាស់ប្ដូរបទពិសោធ មតិយោបល់ វប្បធម៌គ្នាទៅវិញទៅមក ទស្សនាទានគ្នាទៅវិញទៅមក គំនិតជឿនលឿនទាំងឡាយ ដែលកើតនៅក្នុងតំបន់របស់យើង ធ្វើឲ្យតំបន់របស់យើងក្លាយទៅជា តំបន់មានសាមគ្គីភាព មានសន្តិភាព មានការអភិវឌ្ឍ»។

នេះជាពេលវេលាដែលជម្រុញទឹកចិត្ត ដល់យុវជនពីព្រោះយុវជនយើង នឹងទទួលបានការរីករាយ ហើយនឹងការធ្វើទំនាក់ទំនងគ្នា ធ្វើសុខដុមនីយកម្មរវាងយុវជន រវាងកីឡាករ រវាងអ្នកចូលរួមទាំងអស់ ឲ្យមើលឃើញថា ព្រឹត្តិការណ៍កីឡានៅកម្ពុជា ពិតជាព្រឹត្តិការណ៍ ដែលគួរឲ្យមោទកភាព សម្រាប់ក្នុងតំបន់ មិនមែនសម្រាប់តែកម្ពុជាទេ។

យើងនាំគ្នាត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ហើយគណៈកម្មាធិការជាតិ CAMSOC បានរៀបចំនូវឧបករណ៍ សម្រាប់ធ្វើការផ្សព្វផ្សាយ មានទាំងផ្ទាំងផ្សព្វផ្សាយ មានទាំងវីដេអូខ្លី ពីការផ្សព្វផ្សាយស៊ីហ្គេមនេះ សូមជួយគាំទ្រទាំងអស់គ្នា។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ដោយគ្រោងដាក់កីឡា ៤០ប្រភេទក្នុងកម្មវិធីប្រកួត។ រីឯការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ គ្រោងនឹងធ្វើចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕

Most Popular

To Top