អាមេរិក ៖ ក្រុមប្រតិភូកីឡាប៉េតង់កម្ពុជា បានទៅដល់ទីក្រុង Birmingham រដ្ឋ អាលឡាបាម៉ា សហរដ្ឋអាមេរិក ដើម្បីចូលរួម ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ ។
កញ្ញា គិន សំណាង អគ្គលេខាធិការង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គូសបញ្ជាក់ថា កម្ពុជាបញ្ជូនប្រតិភូ កីឡាប៉េតង់ចំនួន៥នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដឹកនាំដោយកញ្ញា គិន សំណាង អគ្គលេខាធិការង សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ហៀន ថាវរ: មន្រ្តីសហព័ន្ធ និងលោក ចាន់ វិចិត្រ មន្រ្តីព័ត៌មាន ។ កញ្ញា គិន សំណាង គូសបញ្ជាក់ថា ការប្រកួតកីឡាពិភពលោកនេះ មានប្រភេទកីឡាច្រើនចម្រុះ ប៉ុន្តែកម្ពុជា បានបញ្ជូនផ្នែកប៉េតង់ចូលរួម ដោយមានកីឡាការិនី២នាក់ គឺកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដោយត្រូវប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសា២នាក់ទល់២នាក់ និងវិញ្ញាសាវាយកយកពិន្ទុ ។
អគ្គលេខាធិការងរូបនេះ បន្តថា ការធ្វើដំណើរមិនមានបញ្ហាអ្វីទេ ប៉ុន្តែគ្រាន់តែត្រូវចំណាយពេលផ្លាស់ប្តូរ ជើងហោះហើរ២ទៅ៣កន្លែង ដោយសារអត់មានជើងហោះហើរត្រង់ រីឯសុខភាពមិនមានបញ្ហានោះទេ ។ ចំពោះការចុះឈ្មោះ គឺក្រុមការងារ World Games រៀបចំបានល្អ សម្រាប់ប្រតិភូ និងកីឡាការិនីកម្ពុជា កន្លែងស្នាក់នៅ គឺស្ថិតនៅសកលវិទ្យាល័យ អាលឡាបាម៉ា ក្នុងទីក្រុង Birmingham ។ កញ្ញា គីន សំណាង បានបញ្ជាក់ថា អត្តពលិកកម្ពុជាបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីដណ្តើមមេដាយមាស នាំកិត្យានុភាពជូនជាតិ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាពិភពលោក ជាពិសេសបង្ហូតទង់ជាតិកម្ពុជា ។
ដោយលែកកីឡាការិនី អ៊ុក ស្រីមុំ បានបញ្ជាក់ថា ទីលានប្រកួតនេះគឺថ្មីសម្រាប់ខ្លួន ដោយសារដីខ្សាច់ និងលាយថ្មធំៗមួយៗដែរ តែអាចទទួលយកបាន គឺការចូល និងវាយបានដូចគ្នា ។ អ៊ុក ស្រីមុំ សង្ឃឹមខ្ពស់ទាំង២វិញ្ញាសា ដោយចាប់ដៃគូជាមួយកីឡាការិនីអ៊ុន ស្រីយ៉ា លើវិញ្ញាសាវាយគូ និងវាយឯកកត្តជន វិញ្ញាសាវាយយកពិន្ទុថា នឹងប្តេជ្ញាប្រឹងប្រែងអោយពីសមត្ថភាព ដើម្បីដណ្តើមយកមេដាយជូនកម្ពុជា និងប្រជាជនកម្ពុជារាប់លាននាក់ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២២ ធ្វើនៅរដ្ឋ Birmingham សហរដ្ឋអាមេរិក មានប្រទេសជាង១០០ ជុំវិញពិភពលោកចូលរួម ប្រកួតលើ៣៣ប្រភេទកីឡា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះកីឡាប៉េតង់កម្ពុជា ត្រូវសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក អញ្ជើញចូលរួមជាលើកដំបូង ៕