កីឡា

លោក ម៉ៅ ស្រេង ៖ ក្មួយៗ ជាអត្តពលិកក្លិបតេក្វាន់ដូ នៅទីនេះ នឹងក្លាយជាធនធាន ដ៏សំខាន់ចូលរួមប្រកួតកីឡា តេក្វាន់ដូ WT ជាលក្ខណៈអន្តរជាតិ នាពេលអនាគត

ខេត្តកណ្តាល ៖ ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពបង្កើតឡើងក្នុងគោលបំណង រួមចំណែកអភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាស ដល់និស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្ស មានទេពកោសល្យ តំណាងខេត្តកណ្តាល និង ជាតិចូលរួមប្រកួតកីឡាសកល វិទ្យាល័យជាតិ និងអន្តរជាតិនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២បានប្រកាសបើក សម្ភោធជាផ្លូវការហើយ ។

ក្នុងឳកាសបើកបង្ហាត់បង្រៀន ជាផ្លូវការដោយមានការអញ្ជើញ លោក ម៉ៅ ស្រេង ប្រធានស្ថាប័ន IDP & ACE កម្ពុជា និងជាអនុប្រធានខេមរ សហព័ន្ធតេក្វាន់ដូតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោក IM JONG NAM អនុប្រធានសមាគមតេក្វាន់ដូខ្យុងហ្គីដូ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងលោក ស្រី ស្រឿន នាយករងក្លិបវិទ្យាល័យ ហ៊ុន សែន សេរីភាព និងអនុប្រធានក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាព ។

លោក ស្រី ស្រឿន បាននិយាយថា ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែនសេរីភាព ចំណាយថវិកា១២០០០ដុល្លារអាមេរិក ក្រោមការឧបត្ថម្ភថវិកា សម្រាប់ជួសជុលកែលម្អក្លិប ស្ថិតក្នុងវិទ្យាល័យហ៊ុនសែនសេរីភាព ពីសមាគមតេក្វាន់ដូខ្យុងហ្គីដូ ។ ក្លិបនេះមានបណ្តោយប្រវែង ៤៨ ម៉ែត្រ និងទទឹងវែង ៧ ម៉ែត្រ ព្រមទំាងយ៉ប្រវែង ២ ម៉ែត្រ ក្នុងនោះមាន៣បន្ទប់រួមមានបន្ទប់ហ្វឹកហាត់ធំ មួយមានបណ្តោយប្រវែង ២៤ ម៉ែត្រ និងទទឹងប្រវែង ៧ ម៉ែត្រ បន្ទប់ហ្វឹកហាត់តូចមួយបណ្តោយប្រវែង ១៦ ម៉ែត្រ និងទទឹងប្រវែង ៧ ម៉ែត្រ និងបន្ទប់ការិយាល័យមួយសម្រាប់ប្រជុំមានបណ្តោយប្រវែង ៨ ម៉ែត្រ និងទទឹងប្រវែង ៧ ម៉ែត្រ ។

ក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពក្នុងគោលបំណង រួមចំណែកអភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្ស ដែលមានទេពកោសល្យ តំណាងខេត្តកណ្តាល និងជាតិចូលរួមប្រកួតកីឡា សកលវិទ្យាល័យជាតិ និងអន្តរជាតិផ្សេងៗទៀត ។ យើងនឹងខិតខំប្រឹងប្រែងអភិឌ្ឍក្លិបនេះឲ្យដំណើរការយ៉ាងរលូនឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ នូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម ។

លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ចំពោះវត្តមាន របស់លោក អនុប្រធាន និងលោកអគ្គលេខាធិការ សមាគមតេក្វាន់ដូ ខ្យុងហ្គីដូ នៃសាធារណរដ្ឋកូរ៉េ បានជួយឧបត្ថម្ភជាថវិកា ដើម្បីជួសជុល កែលម្អអាគារ១ខ្នង នៅវិទ្យាល័យ ហ៊ុនសែន សេរីភាពឲ្យទៅជាក្លិបកីឡាតេក្វាន់ដូWT សម្រួលដល់ការបង្ហាត់ក្បាច់គុនតេក្វាន់ដូផ្នែក WT ជាប្រភេទកីឡាអូឡាំពិក ក្នុងការផ្សព្វផ្សាយឲ្យសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានស្គាល់បានយល់ ពីវិញ្ញាសាតេក្វាន់ដូWT គណៈកម្មាធិការជាតិ CAMSOC ត្រៀមដាក់បញ្ចូលទៅក្នុងព្រឹតិ្តការណ៍ នៃការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ខាងមុខ ។

លោកបានបន្តថា គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាពបានផ្តល់នូវទីតាំងក្នុងបរិវេណវិទ្យាល័យសម្រាប់បង្កើតក្លិបកីឡាតេក្វាន់ដូWTនេះឡើង ជាការរួមចំណែក អនុវត្តកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការត្រៀមដាក់បញ្ចូលប្រភេទកីឡាតេក្វាន់ដូ។ វាជាកត្តាចាំបាច់បំផុត សម្រាប់ពលរដ្ឋគ្រប់រូបត្រូវយល់ដឹង និងអនុវត្តតាមរយៈការហ្វឹកហាត់កីឡា ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ដូចពាក្យស្លោកមួយឃ្លា “ប្រជាពលរដ្ឋម្នាក់ លេងកីឡាមួយប្រភេទ ក្នុងជីវិត” ព្រោះវាអាចជួយឲ្យយើងជៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗផងដែរ ។

លោកសង្ឃឹមថា ក្មួយៗជាកីឡាករ-កីឡាការិនី ដែលបានបណ្តុះបណ្តាលចេញពីក្លិបតេក្វាន់ដូនៅទីនេះ នឹងក្លាយជាធនធានដ៏សំខាន់ សម្រាប់ការចូលរួមប្រកួតកីឡាតេក្វាន់ដូ WT ជាលក្ខណៈអន្តរជាតិនាពេលអនាគត៕

Most Popular

To Top