ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈប្រតិភូ ដឹកនាំក្រុមកីឡាករ-កីឡាការិនីកម្ពុជា ចំនួន៥ប្រភេទកីឡា ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ (20th ASEAN University GAMES) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅខេត្ត Ubon Ratchathani ប្រទេសថៃ ។

យោងតាមលិខិតឧទ្ទេសនាម របស់ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា នឹងដឹកនាំគ្រូបង្វឹក អាជ្ញាកណ្តាល និងក្រុមកីឡាករ-កីឡាការិនីកម្ពុជា ចំនួន៥ប្រភេទកីឡា ចំនួន៤៤នាក់ រួមមានកីឡាប៉េតង់ តេក្វាន់ដូ WT ការ៉ាតេ-ដូ គុនដាវ និង អត្តពលកម្ម ។ កីឡាប៉េតង់ចំនួន១៤នាក់ កីឡាករ-កីឡាការិនី១២នាក់ គ្រូបង្វឹក និងគ្រូជំនួយ២នាក់ កីឡាតេក្វាន់ដូ WT ចំនួន៩នាក់ កីឡាករ-កីឡាការិនី៦នាក់ គ្រូបង្វឹក និងគ្រូជំនួយ២នាក់ ព្រមទំាងអាជ្ញាកណ្តាល១នាក់ ។

ចំណែកកីឡាគុនដាវ ចំនួន៥នាក់ កីឡាការិនី៣នាក់ គ្រូបង្វឹក១នាក់ និងអាជ្ញាកណ្តាល១នាក់ កីឡាអត្តពលកម្មចំនួន៤នាក់ កីឡាករ-កីឡាការិនី៣នាក់ និងគ្រូបង្វឹក១នាក់ កីឡាការ៉ាតេ ចំនួន៦នាក់ កីឡាករ-កីឡាការិនី៤នាក់ គ្រូបង្វឹក១នាក់ ព្រមទំាងអាជ្ញាកណ្តាល១នាក់ ។ដោយ៖លី ភីលីព

