ភ្នំពេញ៖ ក្លិបកីឡាតេក្វាន់ដូ WT ពិភពថ្មីគ្រងតំណែងជើងឯក បន្ទាប់ពីកក្លិបនេះដណ្តើមបានមេដាយមាសរហូតដល់៥គ្រឿងច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំឆ្នាំ២០២២ មានរហ័សនាមថា “ Korean Ambassador’s Cup 2022 Taekwondo Competition” នៅសាល តេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមការរៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូសហការជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េ ឧបត្ថម្ភពីក្រុមហ៊ុន Samsung។

ក្នុងឳកាសពិធីបិទ និងប្រគល់ជយលាភីពីសំណាក់លោកបណ្ឌិត Park Heung kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូតំណាងលោកបណ្ឌិត ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក អគ្គនាយកក្រុមហ៊ុន Samsung Electronic។


លោក គង់ សក្ខិដាបាននិយាយថា ការប្រកួតពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ Best of the Best 2022 ដែលបានប្រព្រឹត្តរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ដល់១៦ ខែកក្កដា ឆ្នាំ២០២២ ដោយមានក្លិបចំនួន២០ ព្រមទំាងក្រសួង២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃដោយមានក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូWT និងគ្រូបង្វឹកចំនួន ១៤១នាក់ និងគ្រូបង្វឹក៣២នាក់មកពី ៦ រាជធានីខេត្តក្រុងសរុបទំាងអស់១៧៣នាក់។

ក្លិបកីឡាតេក្វាន់ដូ WT ពិភពថ្មីឈ្នះជើងឯក ដណ្តើមបានមេដាយមាស ៥ គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ ៤គ្រឿង ក្លិបកីឡាតេក្វាន់ដូ WT BT ដណ្តើមបានមេដាយមាស ៤ គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបកីឡាតេក្វាន់ដូ WT មិត្តភាពដណ្តើមបានមេដាយមាស ៣ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ២គ្រឿង ក្លិបកីឡាតេក្វាន់ដូ WT BG ដណ្តើមបានមេដាយមាស ២ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ៤គ្រឿង និងក្លិបកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ២គ្រឿង និងប្រាក់១គ្រឿង។

ចំណែកក្លិបកីឡាតេក្វាន់ដូ WT ឌ្រីមស្ព័ត ដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ៣គ្រឿង ក្លិបកីឡាតេក្វាន់ដូ WT បក្សីដែកដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ២គ្រឿង ក្លិបកីឡាតេក្វាន់ដូ WT វ៉ុនក្វាងដណ្តើមបានមេដាយមាស ១ គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ ២គ្រឿង និងក្លិបកីឡាតេក្វាន់ដូ WT ហូសាណាដណ្តើមបានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១គ្រឿង៕
