ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជានាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៥ប្រភេទកីឡាមុនចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០ (20th ASEAN University GAMES) នៅប្រទេសថៃ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។
លោក ព្រំ ប៊ុណ្ណយីនាយបេសកកម្មបានរាយការណ៍ថា ការប្រកួតនេះសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាបានបញ្ជូន ៥ ប្រភេទកីឡារួមមានកីឡាប៉េតង់ គ្រូបង្វឹក២ រូប កីឡាករ ៦ រូប និងកីឡាការិនី ៦ រូប សរុបចំនួន ១៤ រូប តេក្វាន់ដូ WT ៖ គ្រូបង្វឹក២រូប កីឡាករ៣ រូប និងកីឡាការិនី៣ រូប និងអាជ្ញាកណ្តាល ០១ រូប សរុបចំនួន ៩ រូប កីឡាអត្តពលកម្ម ៖ គ្រូបង្វឹក១រូប កីឡាករ២ រូប និងកីឡាការិនី១ រូប សរុបចំនួន ០៤ រូប ការ៉ាតេ គ្រូបង្វឹក ០១ រូប អជ្ញាកណ្តាល ITOs ០១ រូប កីឡាករ ០៣ រូប កីឡការិនី ០១ រូប សរុបចំនួន ០៥ រូប និងកីឡាគុនដាវ៖ គ្រូបង្វឹក ០១ រូប អាជ្ញាកណ្តាល ០១ រូប កីឡាការិនី ០៣ រូប សរុបចំនួន ០៥ រូប សរុបវិញ្ញាទាំងអស់គឺ ៤៥ វិញ្ញាសា ។
លោកស សុខា បានមានប្រសាសន៍ថា ការប្រកួតកីឡាសាកលកម្រិតអាស៊ាននេះ ត្រូវបានប្រារព្វធ្វើរៀងរាល់ពីរឆ្នាំម្តងក្នុងគោលបំណងជួបជុំនិស្សិតក្នុងតំបន់អាស៊ាន ដើម្បីប្រកួតកីឡា និងផ្លាស់ប្តូរវប្បធម៌ ប្រពៃណី បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពសុខដុមនីយកម្ម ដែលឆ្នាំនេះជាលើកទី២០ លើទឹកដីនៃប្រទេសថៃ។ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាយើងបានបញ្ជូនប្រតិភូកីឡានិស្សិតចំនួន ៧៧ រូប ដោយទទួលលទ្ធផលគឺមេដាយសរុបចំនួន ២៧ គ្រឿង ក្នុងនោះ មេដាយមាស ០៥ គ្រឿង ប្រាក់ ១០ គ្រឿង និងសំរឹទ្ធិ ១២ គ្រឿង។
ប៉ុន្តែចំណាត់ថ្នាក់រួម យើងស្ថិតក្នុងលំដាប់ទី៨ នៅចំណាត់ថ្នាក់លើប្រទេសទីម័រលេស ហ្វីលីពីន និងប្រ៊ុយណេ នេះបញ្ជាក់ពីភាពរីកចំរើនដ៏ធំធេង និងត្រចេះត្រចង់រួមចំណែកកសាងធនធានមនុស្ស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយក៏បានរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេស ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល នឹងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅដោយវិម្ឈការការងារ ជាពិសេស។
លោកបាននបន្តថា ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមផ្ដាំផ្ញើដល់ប្រតិភូកីឡាទាំងអស់ត្រូវចូលរួមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០ នៅប្រទេសថៃត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍នៃនិយាមបច្ចេកទេសបានកំណត់ដោយ គណៈកម្មការរៀបចំការប្រកួត រក្សានូវសីលធម៌ល្អ ចេះគោរព ចេះអធ្យាស្រ័យ និងយោគយល់គ្នា ដើម្បីធានាឲ្យការចូលរួមប្រកួតនេះ ប្រកបដោយសុខសុវត្ថិភាព យុត្តិធម៌រកឲ្យឃើញនូវកីឡាករ-កីឡាការិនី ឆ្នើមពិតប្រាកដមានទេពកោសល្យ និងកាយសម្បទាល្អ សម្រាប់បន្តបណ្ដុះបណ្ដាលឲ្យក្លាយទៅជាកីឡាករ-កីឡាការិនី តំណាងជាតិ និងសង្ឈឹមយ៉ាងម៉ុតមាំថា ក្រុមកីឡាករ-កីឡាការិនី និស្សិតយើង ឆ្នាំនេះ នឹងទទួលបានលទ្ធផលល្អ និងមេដាយច្រើន ជាងឆ្នាំមុនទៀត៕





