កីឡា

លោកយី វាសនា ៖ ត្រូវរក្សាតម្លៃ របស់ខ្លួនជាកូនខ្មែរ ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ការ ការប្រកួតជានិច្ច

ភ្នំពេញ៖លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានផ្តាំផ្ញើដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយ និងគ្រូផ្នែកបច្ចេកទេស ត្រូវរក្សាតម្លៃ របស់ខ្លួនជាកូនខ្មែរ ត្រូវប្រកាន់ភ្ជាប់ នូវក្រមសីលធម៌ ការការប្រកួត ជានិច្ច នៅពេលចេញ ទៅចូលរួមប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ។

កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម យី វាសនា បានដឹកនាំកិច្ចប្រជុំបច្ចេកទេស និងត្រៀមលក្ខណៈសម្បត្តិ ព្រមទាំងត្រួតពិនិត្យ និងដោះស្រាយរាល់បញ្ហា ដែលនៅសេសសល់ឲ្យរួចរាល់ សម្រាប់ក្រុមអត្តពលិកប៉ារ៉ាកម្ពុជា មុនពេលចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ ។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការបានឲ្យដឹងថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានកកើតតាំងពីអត្តពលិកមានចំនួនពីរបីនាក់ និងរីកចម្រើនធំៗឡើងរហូត ល្បីទូទាំងពិភពលោក ។ ប៉ារ៉ាឡាំពិកកម្ពុជា តំណាងឲ្យបងប្អូនមានពិការភាព ទូទាំងប្រទេសកម្ពុជា និងកិត្តិយសជាតិ ព្រលឹងជាតិ ទង់ជាតិ គឺត្រូវបានបង្ហូតដោយសារ ស្នាដៃរបស់អត្តពលិក ។

លោកបានបន្តថា ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានឲ្យដឹងពីប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រទេសឥណ្ឌូណេស៊ីគឺមាន៣ប្រភេទ ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងជាអនុប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

ប្រតិភូទី១ គឺក្រុមអត្តពលិក និងគ្រូបង្វឹក ទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ។ ប្រតិភូទី២ គឺក្រុមការងារទៅរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្រប់យ៉ាង ដើម្បីយកចំណេះដឹងមករៀបចំការ ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា និងប្រតិភូទី៣ គឺក្រុមការងារសម្តែង ដើម្បីទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

សម្រាប់ការធ្វើដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានយល់ព្រមឲ្យមានការរៀបចំ យន្ដហោះពិសេស សម្រាប់ដឹកជញ្ជូន អត្តពលិកមានពិការភាពកម្ពុជា ទៅឥណ្ឌូណេស៊ី ហើយក្រុមហ៊ុន អាកាសចរណ៍ Sky Angkor Airlines ក៏បានយល់ដឹកជញ្ជូនទៅមក ដោយឥតគិតថ្លៃ ដែលគ្រោងចេញដំណើរ នាថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ៕

Most Popular

To Top