ភ្នំពេញ ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជានាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំ កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីកីឡា សម្រាប់ក្មេងដល់កុមារា-កុមារី ជាជនពិការខ្សោយសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យ អប់រំពិសេសក្រុងតាខ្មៅ ដែលមានប្រហែល ១៥០នាក់ មកពីស្រុកនានា ក្នុងខេត្តកណ្តាល ក្រោមសហការ ជាមួយមន្ទីរ អប់រំកាយ និងកីឡាខេត្តកណ្តាល ។
ក្នុងឳកាសពិធីបើកកម្មវិធី ត្រួតពិនិត្យសុខភាព និង កម្មវិធីកីឡា សម្រាប់ក្មេងជនពិការ ខ្សោយសតិបញ្ញា និងអូទីស្សឹមដោយមាន ការអញ្ជើញចូលរួមពី សំណាក់លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា លោក ពៅ វណ្ណា ប្រធានការិយាល័យ កីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល លោក ហួត ពុទ្ធី នាយករង និងលោកគ្រូអ្នកគ្រូវិទ្យាល័យ អប់រំពិសេសក្រុងតាខ្មៅ ។
លោក ឃ្លាំង ចន្ធូ បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុក ដាក់ដល់ការពង្រឹង និងពង្រីក ចលនាកីឡា ល្បែងកម្សាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីផ្សេងៗ ទៀតជារៀងរាល់ឆ្នាំ ទៅដល់សហគមន៍នៅ តាមបណ្តាខេត្តនានា។ ថ្ងៃនេះដោយមាន ការសហការ ជាមួយអនុគណៈកម្មាធិការ ស្ប៉ាស្យាល់អូឡាំពិក ខេត្តកណ្តាល បានសហការ រៀបចំកម្មវិធីនេះឡើង នៅវិទ្យាល័យ អប់រំពិសេស ក្រុងតាខ្មៅ ជាមជ្ឈមណ្ឌលអប់រំពិសេស ដល់ប្អូនៗពិការខ្សោយសតិបញ្ញា ដែលពុំធ្លាប់មានពីមុនមក ។
លោកបានបន្តថា ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិស្ប៉ាស្យាល់ អូឡាំពិកកម្ពុជា ក៏បានរៀបចំកម្មវិធីលេងកម្សាន្ត និងកម្មវិធី ត្រួតពិនិត្យសុខភាព ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយយរីករាយ ដល់ពួកគាត់ដែលជាការពង្រឹង នូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី មានសាមគ្គីភាព មានទំនាក់ទំនងរវាងប្អូនៗ ជនមានពិការភាព និងរវាងអាណាព្យាបាល និងអាណាព្យាបាលដទៃផ្សេងទៀត។ មិនតែប៉ុណ្ណោះ យើងបានសហការ ជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រង ជនពិការខ្សោយសតិបញ្ញ ដើម្បីផ្ដល់ឱកាសដល់បងប្អូន ជនពិការខ្សោយ សតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមិនមានពិការ ភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជន មានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើក កម្ពស់សិទ្ធិជនមានពិការ ភាពនៅកម្ពុជា ។
លោកអគ្គបន្ថែមទៀតថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉ាស្យាល់អូឡាំពិកខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជន ពិការខ្សោយសតិបញ្ញា សូមយកចិត្តទុក ដាក់បីបាច់ថែរក្សា និងផ្ដល់ឱកាសឲ្យគាត់បានលេងកម្ន្ត ហ្វឹកហាត់ ការត្រួតពិនិត្យសុខភាព និង ការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ជាពិសេស គឺ ក្រុមគ្រួសារ ឪពុក ម្ដាយ អាណាព្យាបាល គ្រូបង្រៀន ឬអ្នកដែលជិតស្និទ្ធិ បំផុតរបស់ពួកគាត់ប៉ុណ្ណោះ ដែលជាកត្តាសំខាន់ ក្នុងការបំផុសជំរុញលើកទឹកចិត្ត ដល់ពួកគាត់ដើម្បីចូលរួម កម្មវិធីនានារបស់ស្ប៉េល់ អូឡាំពិកកម្ពុជា៕