លោក Xavi បានអះអាងថាក្រុម FC Barcelona មិនដែលគិតថាប្រកួតមិត្តភាព ឬផ្លូវការឡើយ ដោយពួកគេផ្ដោតតែលើលទ្ធផលឈ្នះប៉ុណ្ណោះ ជាពិសេសប៉ះក្រុម Real Madrid ។
មិត្តភាពនៅទឹកដីអាមេរិកម្សិលមិញនេះ ក្រុមBarcelona បានយកឈ្នះលើក្រុម Real Madrid ក្នុងលទ្ធផល ១-០ ដោយកីឡាករ Raphinha ជាអ្នកសម្រេចទីបាន។ ប្រកួតនេះដែរ ឃើញថាក្រុមទាំងសងខាងប្រឹងប្រែងរៀងខ្លួន ដោយដាក់កីឡាករល្អៗចូលលេង រហូតដល់មានការប៉ះទង្គិចគ្នាលើទីលានផងដែរ។ តែយ៉ាងលទ្ធផលចប់ការប្រកួត មានគ្រាប់បាល់កើតឡើងតែ១គ្រាប់ប៉ុណ្ណោះ។

លោក Xavi បាននិយាយក្រោយចប់ការប្រកួតថា៖ “យើងមកទីនេះដើម្បីឈ្នះ ហើយយើងបានធ្វើវា។ យើងរងសម្ពាធរហូតដល់ចប់ការប្រកួត ប៉ុន្តែខ្ញុំពេញចិត្តនឹងលទ្ធផលនៅថ្ងៃនេះ។ យើងជាក្រុមល្អប្រសើរហើយ។ នៅ Barcelona មិនមានការប្រកួតមិត្តភាពទេ…យើងតែងតែចង់ឈ្នះ ជាពិសេសទល់ក្រុម Real Madrid ”។

ដោយឡែកងាកទៅខាងលោក Carlo Ancelotti វិញ បានបង្ហាញចំណាប់អារម្មណ៍ លើការប្រកួតនេះដែរថាក្រុមរបស់លោកធ្វើបានល្អ ហើយលោកគិតថា Real Madrid កំពុងមានសមាជិកក្រុមនៅរដូវកាលនេះ ល្អជាងរដូវកាលមុនទៀត។ ការប្រកួតមិត្តភាពនេះ លោកចង់ឱ្យកីឡាករបានបង្ហាញសមត្ថភាពនិងមាននាទីលេងដើម្បីស្ទង់មើលសមត្ថភាព៕ Sabay
