លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បាន អញ្ជើញ ជូនដំណើរប្រតិភូ គ្រូបង្វឹកនិងកីឡាករ-កីឡាការិនី ជនពិការកម្ពុជា ជាង១៥០នាក់ លើ១១ប្រភេទកីឡា ដែលត្រូវធ្វើដំណើរត្រង់ឆ្ពោះ ទៅ ទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (Asian Para Game) លើកទី១១ ចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូត ដល់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខ ។

លោក ហ៊ុន ម៉ានី បានមាន ប្រសាសន៍ថា ការចូលរួមជូនដំណើរ អត្តពលិកកីឡាជនពិការកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្តូនេស៊ី នាព្រឹកនេះរូបលោកផ្ទាល់ គឺមានសេចក្តីរីករាយក្រៃលែង ដែលលោកត្រូវ បានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជ្រើសរើសរូប លោកជាប្រធាន ដឹកនាំគណៈប្រតិភូ ដឹកនាំអមដំណើរកីឡាករ-កីឡាការិនី ជនពិការចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ាហ្គេម លើកទី១១ ប្រទេស ឥណ្តូនេស៊ី ជាមហាកេត្តិយស ដែលបានចូលរួមចំណែក ។
លោកប្រធានប្រតិភូ បានបញ្ជាក់ទៀតថា ការយកចិត្តទុកដាក់ របស់សម្តេចតេជោ ហ៊ុន សែន ចំពោះជនពិការនេះ គឺបានផ្តល់ភាពកក់ក្តីមែនទែន គឺសម្តេចមិនត្រឹមតែឧបត្ថម្ភទៅលើថវិកាជាប្រាក់ហោប៉ៅប៉ុណ្ណោះទេ សម្តេចក៏បានផ្តល់នូវមធ្យោបាយធ្វើដំណើរជើងហោះហើរត្រង់ទៅកាន់ទីក្រុងសូឡូ ប្រទេស ឥណ្តូនេស៊ី ដែល ជាការបង្កលក្ខណៈងាយស្រួល ដល់បងប្អូនអត្តពលិក យើង ពិសេស ទៀតនោះ សម្តេចបានគិតគូ ដល់សុខទុក្ខដល់ បងប្អូនអត្តពលិក កីឡាជនពិការយ៉ាងខ្លាំង ចំពោះសុខមាលភាព ដោយការបង្កាការពារ ការឆ្លងជំងឺកូវីដ១៩ សម្តេចបានផ្តល់ជូននូវវ៉ាក់សាំង ដែលជាដូសទី៥ ចាក់ជូនពួកគាត់មុន ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ ប្រកួតកម្រិត តំបន់មួយនេះ ដើម្បីការពារពួកបង ប្អូនអត្តពលិក កីឡាជនពិការកម្ពុជា ពីជំងឺឆ្លងកូវិដ១៩ ពេលចូលរួមការប្រកួត ។

កម្ពុជាបានបញ្ជូនប្រតិភូកីឡា ប៉ារ៉ាឡាំពិកសរុបចំនួន សរុប ១៧៩នាក់ ចូលរួមប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ លើ ១១ប្រភេទកីឡា ធ្វើដំណើរតាមជើងយន្ដហោះពិសេស នៃក្រុមហ៊ុន Sky Angkor Airlines ដែលប្រកាសផ្ដល់ការដឹកជញ្ជូន ដោយឥតគិតថ្លៃ ដល់អត្តពលិកជនពិការកម្ពុជា បន្ទាប់ពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានអនុញ្ញាតឲ្យមានយន្ដហោះដឹកជញ្ជូនពិសេសផ្ទាល់ ពីរាជធានីភ្នំពេញ ទៅទីក្រុងសូឡូ ដែលជាកន្លែងប្រកួត ៕









