កីឡា

លោកឧកញ៉ា សៅ សេងហាក់ ជំរុញឲ្យអត្តពលិក កីឡាហាប់គីដូទាំងអស់ ចូលអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរលូន

ភ្នំពេញ ៖ លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានលើកទឹកចិត្ត ដល់សមាជិក ប្រតិបត្តិ និងគ្រូបង្វឹក ព្រមទាំង កីឡាករ-កីឡាការិនី ត្រូវខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យកីឡាហាប់គីដូ ឲ្យកាន់តែរលូន និងទទួលបានជោគជ័យ នាពេលខាងមុខ ។

ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល និងត្រួតពិនិត្យ មើលលើសកម្មភាពប្រចាំត្រីមាស នៅក្នុងអាណត្តិទី៧ ដើម្បីសម្រួចទិស ដៅអភិវឌ្ឍវិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅសាល នៃពហុកីឡដ្ឋានជាតិអូឡាំពិក លោកឧកញ៉ា សៅ សេងហាក់ បានជំរុញឲ្យកីឡាករ កីឡាការិនីខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។

ប្រធានសហព័ន្ធរូបនេះ បានលើកឡើងថា ការមកចូលរួមដឹកនាំ របស់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ មិនមែនជាការស្វែង រកផលចំណេញនោះទេ ប៉ុន្តែដោយសារតែឆន្ទៈស្រឡាញ់ ទើបលោកឧកញ៉ា និងសមាជិកទាំងអស់បានលះបង់ ជួយជ្រោមជ្រែង អភិវឌ្ឍវិស័យកីឡាមួយនេះ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹកផងនោះបានជម្រាបជូនអង្គពិធីថា ដោយបានអនុវត្តនូវការងារមួយចំនួន កន្លងមក ជាពិសេស ក្នុង១ត្រីមាស នៃអាណត្តិទី៧នេះ សហព័ន្ធបាននូវសមិទ្ធផលមួយចំនួន ដូចជាការបណ្តុះបណ្តាលកីឡាករ កីឡាការិនី បានបើកវគ្គបង្ហាត់ស្នៀតជំនាញបច្ចេកទេស ដើម្បីការពារសន្តិសុខ ទៅដល់ក្រុមគ្រូបង្គោលមកពីសាលាបណ្ឌិតសភា នគរបាលជាតិ រយ:ពេល ៣ ខែ ចាប់តាំងពីខែមេសា រហូតដល់ ខែមិថុនា ឆ្នាំ២០២២។ ក្នុងពេលដំណាលគ្នានេះ សហព័ន្ធបាន បើកវគ្គហាប់គីដូ បង្ហាត់ទៅដល់ក្រុមកងកម្លាំង មកពីបញ្ជាការដ្ឋាន កងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន ចាប់ពីខែមេសា រហូតមកបច្ចុប្បន្ន និងបានរៀបចំការប្រឡងឡើង ខ្សែក្រវ៉ាត់តាមក្លិបនីមួយៗ រយៈពេល៣ដង ។

អគ្គលេខាធិការរូបនេះបន្ថែមទៀតថា សហព័ន្ធខ្មែរកីឡាហាប់គីដូមានក្លិបចំនួន ៤ក្លិប និងសិស្សគុន សរុបប្រមាណ ៧២នាក់។ បន្ទាប់ពីសហព័ន្ធខ្មែរកីឡា ហាប់គីដូបានបោះឆ្នោត ជ្រើសរើសប្រធានដឹកនាំថ្មីមក ដែលមានលោកឧកញ៉ា សៅ សេងហាក់ ជាប្រធាន លោកប្រធានបានចាត់ចែង ដឹកនាំកិច្ចប្រជុំរៀបចំ ឯកសារពាក់ព័ន្ធ និងដាក់ទិសដៅការងារ ជាបន្តបន្ទាប់ ដោយមានកិច្ចសហការ ផ្ទៃក្នុងល្អ ប្រកបដោយសុខដុមនីយកម្ម ហើយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងបានទទួលសេចក្តីសម្រេច តែងតាំងថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាហាប់កីដូ ពីគណ:កម្មាការជាតិអូឡាំពិក ៕

Most Popular

To Top