ក្លឹប Atletico Madrid បានបដិសេធ ក្នុងការចង់បានខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo ដោយបញ្ជាក់ថា វាគ្មានផ្លូវនឹងកើតឡើងឡើយ ។
កីឡាករវ័យ៣៧ឆ្នាំ បានត្រលប់មកកាន់ United វិញកាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីខកខានដំណើរ ប្រកួតកម្ដៅសាច់ដុំរបស់ក្លឹប ទៅប្រទេសថៃនិងអូស្ត្រាលីរយៈពេល១៧ថ្ងៃ។ Ronaldo នឹងនិយាយតទល់គ្នា ជាមួយអ្នកចាត់ការថ្មី Erik ten Hag ពាក់ព័ន្ធនឹងអនាគត។ វាក៏ជាការជួបគ្នាលើកដំបូងរវាងអ្នកទាំងពីរ ចាប់តាំងពី Ronaldo សុំក្លឹបចាកចេញ ។
ភ្នាក់ងាររបស់កីឡាករសញ្ជាតិព័រទុយហ្គាល់លោក Jorge Mendes កំពុងព្យាយាមស្វែងរកការផ្ទេរ ប៉ុន្តែក្លឹប Bayern Munich និង Chelsea បាននិយាយបដិសេធអស់ហើយ។ នៅពេលនេះ AT Madrid ជាក្លឹបមួយទៀតដែលមិនចង់បាន Ronaldo។
លោក Enrique Cerezo និយាយក្នុងកម្មវិធីវិទ្យុ ក្នុងប្រទេសអេស្ប៉ាញ ប្រធានក្លឹប AT Madrid លោក Enrique Cerezo បានបញ្ជាក់ថា លោកមិនដឹងនរណាបង្កើតរឿង Ronaldo ផ្លាស់ទៅ AT នោះទេ ។ វាមិនមែនជាការពិតឡើយ ។ វាពិតជាមិនអាចទៅរួចសម្រាប់ Ronaldo ដែលអាចមក Atletico Madrid។ សម្រាប់បិសាចក្រហមវិញនៅតែរក្សាជំហរ មិនចង់លក់កីឡាកររបស់ខ្លួន៕