ភ្នំពេញ ៖ លោកស្រី សៅ ស្រីពៅ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសន្តិបាត បូកសរុបការងារ ឆ្នាំ២០២១ និងឆមាសទី១ ឆ្នាំ២០២២ លើកទិសដៅឆមាសទី២ ឆ្នាំ២០២២-២៣ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
លោកស្រី សៅ ស្រីពៅ បានមានប្រសាសន៍ថា ផែនការសកម្មភាពការងារ សម្រាប់ឆ្នាំបន្តបន្ទាប់ទៅមុខ ត្រូវរៀបចំនូវយុទ្ធសាស្រ្តច្បាស់លាស់ មួយឆ្លើយតបនូវការប្រកួត ប្រជែងលើវិស័យ កីឡាក្នុងតំបន់ និងពិភពលោក ចំណែកការពិភាក្សា និងរកដំណោះស្រាយ លើបញ្ហាប្រឈមនានា យើងទំាងអស់គ្នាជួបប្រទះ នាឆ្នាំកន្លងមក ទំាំងក្លិបតាមបណ្តាខេត្ត កីឡាករ-កីឡាការិនី និងមន្ត្រីសហព័ន្ធ ដែលការប្រឈម នោះរួមមានទិដ្ឋភាព ថវិកា ធនធនាមនុស្ស បច្ចេកទេស រដ្ឋបាលជាដើម ។
លោកស្រីបន្តថា សកម្មភាពទំាងនេះ នឹងធ្វើឲ្យប្រសើរឡើងនូវ ប្រសិទ្ធភាពការងារ ធ្វើឲ្យមន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ-កីឡាការិនី របស់យើងមាន កម្រិតបច្ចេកទេស វិជ្ជាជីវៈ កាន់តែខ្ពស់ និងកាន់តែមុតស្រួច ។ យើងនៅសល់ពេល២៧៩ថ្ងៃទៀត ប៉ុណ្ណោះសម្រាប់ព្រឹត្តការណ៍ ជាប្រវត្តិសាស្ត្រ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ SEA GAMES លើកទី៣២ មានការងារជាច្រើន ដែលសហព័ន្ធ គ្រូបង្វឹក កីឡាករ-កីឡាការិនី យើងត្រូវធ្វើប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដូចនេះ ខ្ញុំសង្ឃឹមនឹងជឿជាក់ថា សន្និបាតយើងនៅថ្ងៃនេះ នឹងក្លាយជាវាទិកាមួយ សម្រេចបានផ្លែផ្កា ដ៏ធំធេង សម្រាប់ជាតិនាពេលដ៏ខ្លីខាងមុខ ។
លោក អ៊ូ រតនា ក៏បានមានប្រសាសន៍ថា ឆ្នាំ២០២១ កន្លងទៅ ជាឆ្នាំអាក្រក់សម្រាប់ពិភពលោក យើងទាំងមូល រួមទាំងកម្ពុជាផង បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការរីករាលដាល នៃជម្ងឺកូវីដ១៩ ទៅលើអាយុជីវិតមនុស្ស សេដ្ឋកិច្ច និងសង្គម ។ យ៉ាងណាមិញ កម្ពុជាក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានរំដោះខ្លួនពីកូវីដ១៩ យ៉ាងឆាប់រហ័ស តាមរយៈគោលនយោបាយស្រោចវ៉ាក់សាំង ដល់ប្រជាជនជាង៩០ភាគរយ ហើយក្លាយជាប្រទេសលេខ១ ដែលគ្រប់គ្រងកូដវីដ១៩ បានល្អជាងគេនៅលើពិភពលោក ដែលនាំទៅដល់ការបើកប្រទេស និងស្តារសេដ្ឋកិច្ច របស់ប្រទេសជាតិបានល្អប្រសើឡើងវិញ យ៉ាងឆាប់រហ័ស ជាពិសេស កីឡាករ កីឡាការិនី យើងមានឱកាសប្រមូលផ្តុំហ្វឹកហាត់ ស្នាក់នៅរួមគ្នា អាហាររួមគ្នា ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ ។
កាលពីខែឧសភា កន្លងទៅថ្មីៗនេះ កម្ពុជាបានបញ្ជូនប្រតិភូ កីឡាករ-កីឡាករិនី ទៅចូលរួមប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ខ្ញុំសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានយកចិត្តទុកដាក់ដល់ប្រតិភូ កីឡាករ កីឡាការិនីយើងយ៉ាងខ្លាំង រួមទាំងការផ្តល់ជូន យន្តហោះពិសេស ដឹកជញ្ជូនកីឡាករ កីឡាការិនី ទៅប្រកួត ពីសំណាក់ក្រុមហ៊ុនឯកជន ហើយវាក៏ជាកត្តា ជំរុញទឹកចិត្តដល់ កីឡាករ -កីឡាការិនី ទាំងអស់ឲ្យខិតខំ ប្រកួតដណ្តើមមេដាយ ជូនជាតិរបស់យើង រហូតបានមេដាយជាច្រើន ក្នុងនោះសហព័ន្ធកីឡា វ៉ូវីណាម ក្លាយជាកីឡាដែលនាំមុខគេ ទាំងមេដាយមាស និងចំនួនមេដាយសរុប ។
លោក យ៉ាំ ថៃសាន អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បាននិយាយថា សព្វថ្ងៃនេះសហព័ន្ធមានកីឡាករ -កីឡាការិនីឆ្នើមជាច្រើននាក់ សម្រាប់ត្រៀមខ្លួន ក្នុងការដណ្តើមមេដាយ ជូនប្រទេសជាតិនៃព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២ នៅកម្ពុជាតាមផែនការ របស់CAMSOC ដោយការខិតខំប្រឹងប្រែងប្រធានកិត្តិយស ថ្នាក់ដឹកនាំសហព័ន្ធ ទីប្រឹក្សា និងសមាជិក ព្រមទំាងកីឡាករ-កីឡាការិនីវ៉ូវីណាម។ ការប្រកួតកីឡា SEA GAMES ឆ្នាំ២០២១នៅប្រទេសវៀតណាម យើងឈ្នះមេដាយ១៤គ្រឿង ក្នុងនោះមេដាយមាស ៣ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ៩គ្រឿង ស្ថិតជាប្រភេទកីឡារបស់កម្ពុជា ដែលដណ្តើមបានមេដាយ ច្រើនជាងគេ៕