កីឡា

លោក អ៊ូ រតនា ជួបសំណេះសំណាលជាមួយ ក្រុមជម្រើសជាតិហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជាលោក អ៊ូ រតនា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានសំណេះសំណាលលើកទឹកចិត្ត ក្រើនរំឭកឲ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាម ខិតខំហ្វឹកហាត់ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវហ្វឹកហាត់បិទខ្ទប់នៅទីនេះ។

លោក អ៊ូ រតនា បានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិកីឡា វ៉ូវីណាមឲ្យខិតខំការហ្វឹកហាត់ឲ្យបានល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងស៊ីហ្គេម ចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ លោកក៏បានក្រើនរំឭកដល់អត្តពលិកទាំងអស់ ដែលត្រូវត្រៀមលើវិញ្ញាសា ប្រយុទ្ធត្រូវថែរក្សាទម្ងន់ កុំឲ្យឡើងទម្ងន់។

ចំពោះអ្នកដែលត្រូវប្រកួតវិញ្ញាសា សម្តែងត្រូវប្រឹងប្រែងហ្វឹកហាត់ ឲ្យបានមុះមុតដូចគ្នា ដើម្បីបង្កើនគុណភាពបច្ចេកទេស ទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាមជាប្រភេទកីឡាសក្តានុពល របស់កម្ពុជាផងដែរ។ ក្រៅពីគោលដៅបង្កើនបច្ចេកទេស ក៏ប្រធានសហព័ន្ធវ៉ូវីណាមរូបនេះបាន ផ្តល់ការណែនាំជាថ្មីឲ្យក្រុមជម្រើសជាតិ ទាំងអស់ត្រូវគោរពវិន័យ ក្រមសីលធម៌ឲ្យស័ក្តិសម ជាក្រុមជម្រើសជាតិ ហើយក៏ត្រូវគោរព តាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនបំផុតដោយ ចាប់ផ្តើមចេញពីខ្លួនឯងម្នាក់ៗនេះហើយ។

«ត្រូវព្យាយាមហ្វឹកហាត់ឲ្យល្អ រួមទាំងការគោរពវិន័យឲ្យបានល្អ។ កីឡាករ ដែលល្អ គឺត្រូវភ្ជាប់ជាមួយនឹងវិន័យល្អដែរ ដោយវិន័យនេះហើយនាំឲ្យយើងល្អ និងមានកិត្តិយស។ បើយើងអត់មានវិន័យទេ គេមិនអាចលើកយើងរួចដែរ ព្រោះតម្លៃជាកិត្តិយស។ ប្រសិនបើកីឡាករម្នាក់មានទេពកោសល្យ និងមានសមត្ថភាហើយ រឿងអី មិនអាចគោរពវិន័យបាន ដូច្នេះហើយ បើកីឡាករ ឬកីឡាការិនីម្នាក់មិនមានវិន័យ អ្នកពិបាកចិត្តជាងគេ គឺគ្រូបង្វឹក ហើយថ្នាក់ដឹកនាំសហព័ន្ធ ក៏ត្រូវបានគេសួរនាំផងដែរ»។

ទោះការលើកឡើងបែបនេះជាការ ដាស់តឿនស្មារតីបន្ថែមក៏ពិតមែន ប៉ុន្តែលោក អ៊ូ រតនា ក៏បានកោតសរសើរដល់ការ ប្រឹងប្រែងរបស់ក្រុមជម្រើសជាតិខ្លួនផងដែរ ដែលខំហ្វឹកហាត់ និងប្រកួតដណ្តើមមេដាយពី ព្រឹត្តិការណ៍អន្តរជាតិជា បន្តបន្ទាប់មកជូនជាតិមាតុភូមិ។

ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា មានកកីឡាករ ១៩នាក់ និងកីឡាការិនី ១០នាក់ (សរុប២៩នាក់) ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ នេះជាការហ្វឹកហាត់បិទខ្ទប់ របស់ក្រុមជម្រើសជាតិវ៉ូវីណាម ខណៈប្រភេទកីឡាផ្សេងៗទៀត សរុប២០ប្រភេទកីឡា ក៏បានហ្វឹកហាត់បិទខ្ទប់នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ នេះដែរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ ៕

Most Popular

To Top