កីឡា

ថ្នាក់ដឹកនាំកីឡាចុះសួរសុខទុកក្រុម អត្តពលិកជម្រើសជាតិ និងជនពិការហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិមរកតតេជោ

ភ្នំពេញ៖ លោក ប៊ូ ជុំសេរី លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាទទួលបន្ទុកកីឡា ព្រមទំាំងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបសំណោះសំណាលជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិជនពិការដែលធ្វើការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរកតតេជោ។


ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរកតតេជោដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងកីឡាប៉ារ៉ាហ្គេម ឆ្នាំ២០២២ មាន១០ប្រភេទកីឡារួមមានកីឡាអត្តពលកម្ម កីឡាចំបាប់ កីឡាយូដូ កីឡាវូស៊ូ កីឡាលើកទម្ងន់ កីឡាហុងគ្រី កីឡាសីដក កីឡាប្លូលប៉ល(ប្រភេទកីឡាថ្មីនៅកម្ពុជា) កីឡាល្បុក្កតោ និងអត្តពលកម្មជនពិការ។


ចំណែកក្រុមកីឡាករ-កីឡាការិនីមួយចំនួនធំបានទៅធ្វើការហ្វឺកហាត់នៅប្រទេសចិនរយៈពេល១៨០ថ្ងៃ ហើយនឹងមួយចំនួនទៀតហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិកតាមទីលានរបស់សហព័ន្ធជាតិនានាដូចជាកីឡាហែលទឹក កីឡាសូហ្វតេន្នីស កីឡាប៉េតង់ កីឡាវាយសី កីឡារាំ កីឡាតេក្វាន់ដូWT កីឡាបាល់បោះ កីឡាបាល់ឆ្នេរខ្សាច់ កីឡាកាយសម្ព័ន្ធ កីឡាការ៉េតេ កីឡាវាយកូនបាល់ កីឡាវាយកូនឃ្លីលើតុ និងកីឡាវ៉ូវីណាមជាដើម៕

ដោយ៖លី ភីលីព

Most Popular

To Top