ភ្នំពេញ៖នាថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានគ្រូបង្វឹក៣ប្រទេសចូលរួមបង្រៀន នៅទីលានវាយកូនបាល់ផ្ទាល់ក្នុងពហុកីឡដ្ឋានជាតិក្រោមការសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា “NOCC” និង ឧបត្តម្ភពី OS។

លោក ជា ពៅ អគ្គលេខាធិការនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាមន្រ្តីសម្របសម្រួលវគ្គបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងសម្រាប់ឣត្តពលិកដែលមានរយៈពេល១២ថ្ងៃចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន១៩នាក់មក៥ប្រទេសរួមមានកម្ពុជា មីយ៉ាន់ម៉ា ទីម័រ បង់ក្លាដែស និងហ្វីជី ។ គ្រូឧទ្ទិសមានចំនួន៣នាក់ដូចជាលោក Jonathan Stubbs លោក Gary Pucell និងលោក Amir Borghei មកពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ “ITF”។

លោកបានបន្តថា វគ្គមានសារសំខាន់ណាស់ចំពោះសិក្ខាកាមជាគ្រូបង្វឹកកីឡាវាយកូនបាល់ ITF/OS ថ្នាក់តំបន់កម្រិតដំបូងចូលរួមដោយយើងមានសិក្សាទ្រឹស្តី និងអនុវត្តមានលើទីលានភ្លាមៗ ដើម្បីអភិឌ្ឍនសមត្ថភាពក្នុងការពង្រឹងបច្ចេកទេសជាគ្រូបង្វឹកកីឡាវាយកូនបាល់តាមបណ្តាខេត្ត និងតំបន់របស់ប្រទេសនីមួយៗ៕ដោយ៖លី ភីលីព

