កីឡា

លោកហង់ជួន ណារ៉ុន៖សិក្ខាសាលានេះធ្វើឡើងដើម្បីចែករម្លែកចំណេះដឹង ការអនុវត្តល្អៗក្នុងចំណោមគ្រួសារអាស៊ាន 

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យ Hidetoshi Nishimura ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលាស្តីពីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ានត្រូវបានបើកឱ្យដំណើរការ នៅសណ្ឋាគារ សុខាភ្នំពេញ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងដើម្បីចែក រម្លែកចំណេះដឹង ការអនុវត្តល្អៗក្នុងចំណោមគ្រួសារអាស៊ាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន របស់យើងដែលរៀបចំរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា។ សហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) បានបង្ហាញ នូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន តាមរយៈសកម្មភាពសហប្រតិបត្តិការ ដែលផ្តោតលើប្រជាជន មិត្តភាព និងសុខភាពល្អ។

លោករដ្ឋមន្ត្រីបន្តថា ការរចនាសម្ភារៈ បរិក្ខារ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា និងការបង្កើតកម្មវិធីកីឡាដ៏ទូលំទូលាយ ដើម្បីលើកទឹកចិត្តដល់របៀបរស់នៅឱ្យមានសុខភាពល្អ សកម្ម និងគាំទ្រដល់ការអនុវត្តឱ្យកាន់តែលឿន ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ កីឡាគឺជាបាតុភូតសកល និងជាធាតុផ្សំសំខាន់នៃសង្គមទំនើប ដោយវាបង្រៀនពីតម្លៃ និងវិន័យ ហើយកីឡាក៏មានតម្លៃសង្គម និងសេដ្ឋកិច្ចដល់សង្គមដែរ ទោះបីវាមានទំហំខុសគ្នាពីប្រទេសមួយទៅប្រទេសមួយក៏ដោយ។

បន្ថែមពីលើនេះ ការកម្សាន្ដក្នុងកីឡា គឺជាបទពិសោធន៍ដែលកើតចេញពីការចូលរួមក្នុង សកម្មភាពរាងកាយ សង្គម បញ្ញា ការច្នៃប្រឌិត វប្បធម៌ និងស្មារតី ដែលលើកកម្ពស់សុខុមាលភាពបុគ្គល និងសហគមន៍។ សិក្ខាសាលានេះ គឺដើម្បីការអភិវឌ្ឍតំបន់ហាត់ប្រាណ និងលេងកីឡាក្នុងអាស៊ាន ដែលកន្លែងលេងកីឡា និងកម្សាន្ត ជាគោលបំណងចម្បង ក្នុងការលើកកម្ពស់របៀបរស់នៅឱ្យមាន ភាពសកម្ម សម្រាប់សុខភាពប្រជាជនអាស៊ាន។

សិក្ខាសាលាមានប្រទេសចំនួន១១រួមមានប្រទេសកម្ពុជាជាម្ចាស់កិច្ចប្រជុំ ថៃ វៀតណាម ទីម័រ មីយ៉ាន់មី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រុយណេ៕

Most Popular

To Top